ចិនព្រមានប្រឆាំងនឹង “ផ្នត់គំនិតសង្រ្គាមត្រជាក់”

ប៉េកាំង ៖ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានព្រមានប្រឆាំងនឹងការវិលត្រឡប់ទៅរក “ផ្នត់គំនិតសង្រ្គាមត្រជាក់” ហើយបានការពារពហុភាគីនិយម និង ពាណិជ្ជកម្មសេរី ក្នុងអំឡុងពេលថ្លែងសុន្ទរកថាទៅកាន់អង្គមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ។

យ៉ាងណាមិញ លោកនាយករដ្ឋមន្ត្រី Li មិនបាននិយាយចំៗដល់ប្រធានាធិបតីអាមេរិក លោក Donald Trump ដោយផ្ទាល់ទេ ប៉ុន្តែបានចាត់ទុកប្រទេសចិនជាអ្នកថែរក្សាការពារសណ្តាប់ធ្នាប់ពិភពលោក ខណៈកន្លងមក តួនាទីនេះជារបស់សហរដ្ឋអាមេរិកជាយូរមកហើយ។

លោក Li មានវ័យ ៦៦ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ពិភពលោកបានឈានចូលដល់ដំណាក់កាលថ្មីនៃភាពចលាចល និងការផ្លាស់ប្តូរ។ ឯកតោភាគីនិយម និងផ្នត់គំនិតសង្រ្គាមត្រជាក់កំពុងកើតឡើងសាជាថ្មី។

លោកបន្ថែមថា ច្បាប់ និងសណ្តាប់ធ្នាប់អន្តរជាតិដែលបានកសាងឡើងក្នុងរយៈពេល ៨០ឆ្នាំមកនេះ ស្ថិតក្រោមបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ហើយប្រព័ន្ធអន្តរជាតិដែលមានប្រសិទ្ធភាពត្រូវបានរំខានឥតឈប់ឈរ។ មនុស្សជាតិបានដើរដល់ផ្លូវបំបែកម្តងទៀត។

ទោះបីជាយ៉ាងណា នាយករដ្ឋមន្រ្តីចិនរូបនេះ នៅតែបង្ហាញសុទិដ្ឋិនិយមថា ប្រទេសចិនសង្ឃឹមថា នឹងធ្វើការរួមគ្នាជាមួយបណ្តាប្រទេសនានាលើពិភពលោក ដើម្បីលើកកម្ពស់ឧត្តមគតិរបស់អង្គការសហប្រជាជាតិ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner