កម្មវិធីពិព័រណ៍ផលិតផលខ្មែរ បានបញ្ចប់ទៅដោយទទួលបានជោគជ័យគួរជាទីមោទនៈ
(ភ្នំពេញ)៖ កម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួមជំរុញ គាំទ្រផលិតផលក្នុងស្រុក» បានបញ្ចប់ទៅដោយជោគជ័យគួរជាទីមោទនៈ ស្របតាមគោលបំណងរបស់កម្មវិធី។ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ២៧ និង២៨ ខែកញ្ញា ឆ្នាំ២០២៥ មានបងប្អូនប្រជាពលរដ្ឋអញ្ជើញមកពីគ្រប់ទិសទី បានជួបជុំគ្នា នៅទីនេះ។ ក្រៅពីក្តីរំភើប និងមោទនភាពដោយឃើញផលិតផលចម្រុះច្រើនមុខ ដែលកើតចេញពីស្នាដៃកូនខ្មែរ បងប្អូនបានបង្ហាញនូវការគាំទ្រ តាមរយៈការកោតសសើរ ការចូលរួមប្រើប្រាស់ និងការជួយផ្សព្វផ្សាយបន្តទៅកាន់អ្នកដែលបានស្គាល់។
កាយវិការរបស់បងប្អូនដែលបានមកចូលរួមពិព័រណ៍នេះ គឺជាការចូលរួមជំរុញ គាំទ្រផលិតផលក្នុងស្រុកដែលបានផ្តល់ជាកម្លាំងជំរុញទឹកចិត្តឱ្យ រោងចក្រ សហគ្រាស សិប្បករ និងអ្នកច្នៃប្រឌិតកាន់តែខិតខំប្រឹងប្រែងទ្វេដងដើម្បីបង្កើតសមិទ្ធផល ផលិតផលថ្មីៗ ប្រកបដោយគុណភាពសម្រាប់បម្រើទីផ្សារក្នុងស្រុក និងនាំចេញ។ មិនតែប៉ុណ្ណោះ បងប្អូនក៏បាននាំយកត្រលប់ទៅវិញនូវទឹកចិត្ត ស្មារតី សាមគ្គី រួបរួមក្នុងនាមជាប្រជាជាតិខ្មែរ តាមរយៈការទទួលបាននូវការបំផុសគំនិតដែលមាននៅក្នុងពិព័រណ៍ «ស្មារតីរួបរួម» ក៏ដូចជាការចែករំលែកទស្សនៈដ៏ល្អៗពីសំណាក់វាគ្មិនកិត្តិយសជាច្រើនរូបក្នុងវគ្គចែករំលែក និងកិច្ចពិភាក្សា។
ក្រុមគ្រួសារ ស.ស.យ.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់ដៃគូសហការគាំទ្រ និងឧបត្ថម្ភ ដែលរួមមានក្រសួង-ស្ថាប័ន សភាពាណិជ្ជកម្ម សមាគមពាក់ព័ន្ធ វិស័យឯកជន ក៏ដូចជាបងប្អូនជាអ្នកផលិតមាតិកា ដែលបានផ្តល់កិច្ចសហការយ៉ាងស្អិតរមួត។ ប្រសិនបើគ្មានការសហការគាំទ្រ និងឧបត្ថម្ភទាំងនោះទេ កម្មវិធីនេះក៏មិនអាចលេចចេញជារូបរាងបានឡើយ។
សូមថ្លែងអំណរគុណដល់វាគ្មិនកិត្តិយស អ្នកសម្របសម្រួលកិច្ចពិភាក្សា សិល្បករ សិល្បការិនី ដែលបានចូលរួមផ្តល់ពុទ្ធិដ៏មានតម្លៃ ក៏ដូចជាភាពរស់រវើក និងទាក់ទាញសម្រាប់កម្មវិធី។ អ្វីដែលមិនអាចបំភ្លេចបាននោះគឺ ក្រុមការងាររៀបចំ យុវជនស្ម័គ្រចិត្ត កងកម្លាំងសន្តិសុខ សង្រ្គោះបឋម សណ្តាប់ធ្នាប់ និងចរាចរណ៍ ព្រមទាំងបុគ្គលិកអនាម័យ ដែលបានធានានូវការប្រព្រឹត្តទៅដោយរលូន នៃកម្មវិធីទាំងមូល បន្សល់ទុកនូវស្នាមញញឹម និងអនុស្សាវរីយ៍គួរជាទីចងចាំ។
នៅក្នុងបណ្តាញសង្គមផ្លូវការ របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ស ស យ ក នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា នេះ បណគូសបញ្ជាក់ថា ជោគជ័យ នៃការរៀបចំកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួមជំរុញគាំទ្រផលិតផលក្នុងស្រុក» ពិតណាស់មិនអាចកាត់ផ្តាច់បានឡើយពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណៈអចិន្រ្តៃយ៍ គណៈកម្មការធិការ ក្រុមការងាររៀបចំ និងយុវជនស្ម័គ្រចិត្ត ដែលបានចូលរួមផ្តល់មតិយោបល់ គូសវាស និងអនុវត្តការងារទៅតាមគម្រោង ។
ខ្ញុំសូមថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ ស.ស.យ.ក. គណៈកម្មាធិការកណ្តាល ថ្នាក់ដឹកនាំ ស.ស.យ.ក. គ្រប់រចនាសម្ព័ន្ធដែលបានគាំទ្រ និងចូលរួមរៀបចំ សម្របសម្រួលការងារផ្សេងៗ។ ជាពិសេស ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះ ក្រុមការងាររៀបចំ ប្អូនៗជាយុវជនស្ម័គ្រចិត្ត ដែលបានអនុវត្តភារកិច្ចរបស់ខ្លួន តាំងពីការរៀបចំការងារដំបូង រហូតដល់ថ្ងៃកម្មវិធីរយៈពេល ៣ថ្ងៃ ដែលបានបញ្ចប់ទៅដោយជោគជ័យ បន្សល់ទុកនូវស្នាមញញឹម មោទនភាព និងអនុស្សាវរីយ៍ល្អៗដល់បងប្អូនជនរួមជាតិដែលបានមកទស្សនាការតាំងពិព័រណ៍ និងកម្មវិធីអមនានា។
ឆន្ទៈ ស្មារតី និងទឹកចិត្តរបស់សមាជិក សមាជិកាម្នាក់ៗ នៃក្រុមគ្រួសារ ស.ស.យ.ក គឺជាកម្លាំងជំរុញទឹកចិត្តឱ្យ ពួកយើងបន្តរៀបចំព្រឹត្តិការណ៍ និងយុទ្ធនាការផ្សេងៗ ទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងរួមចំណែកដល់ការបណ្តុះស្មារតីរួបរួមជាធ្លុងមួយ របស់ប្រជាជាតិកម្ពុជា ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា














