បាញ់ប្រហារ និងដុតព្រះវិហារគ្រិស្តនៅអាមេរិក ស្លាប់ ៤នាក់
វ៉ាស៊ីនតោន ៖ យ៉ាងហោចណាស់មនុស្ស ៤នាក់បានស្លាប់ និង ជាច្រើននាក់ផ្សេងទៀតរងរបួស ក្រោយកើតមានករណីបាញ់រះ និង ដុតបំផ្លាញព្រះវិហារសាសនាគ្រិស្តមួយកន្លែងនៅរដ្ឋ Michigan របស់សហរដ្ឋអាមេរិក។
ការវាយប្រហារនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីអ្នកគ្រប់គ្រងព្រះវិហារ លោក Russell M Nelson ទទួលមរណភាព ក្នុងវ័យ ១០១ឆ្នាំនៅផ្ទះរបស់លោកក្នុងទីក្រុង Salt Lake។
មន្រ្តីប៉ូលិសបានរាយការណ៍ថា ខ្មាន់កាំភ្លើងឈ្មោះ Thomas Jacob Sanford អាយុ ៤០ឆ្នាំ បានបើកឡានបុកទម្លាយទ្វារ រួចបើកការបាញ់រះក្នុងព្រះវិហារសាសនាគ្រិស្ត អំឡុងពេលមនុស្សរាប់រយនាក់កំពុងរៀបចំពិធីអធិស្ឋាន។
ក្រៅពីការបាញ់ប្រហារ ខ្មាន់កាំភ្លើងក៏បានចាក់សាំងដុតព្រះវិហារផងដែរ មុននឹងចាកចេញ ប៉ុន្តែជនសង្ស័យត្រូវបានសម្លាប់ អំឡុងការបាញ់តដៃជាមួយមន្រ្តីប៉ូលិស។
ភ្លាមៗ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហៅករណីបាញ់ប្រហារនេះថា ជារឿងដ៏រន្ធត់ ហើយចាត់ទុកទង្វើនេះថា ជាការវាយប្រហារជាថ្មី កំណត់គោលដៅអ្នកកាន់សាសនាគ្រិស្តនៅសហរដ្ឋអាមេរិក។ គិតមកទល់ពេលនេះ សមត្ថកិច្ចនៅពុំទាន់ដឹងមូលហេតុនៅពីក្រោយការវាយប្រហារដ៏អាក្រក់នេះនៅឡើយទេ៕
ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា



