ជំងឺមហារីកនឹងសម្លាប់មនុស្សទូទាំងពិភពលោកកើនជាង ១៨ លាននាក់ក្នុងឆ្នាំ ២០៥០
បរទេស ៖ ចំនួនអ្នកស្លាប់ដោយសារជំងឺមហារីកទូទាំងពិភពលោកប្រចាំឆ្នាំ ត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ ១៨.៦លាននាក់ កើនជិត ៧៥% នៅឆ្នាំ ២០៥០ ភាគច្រើនត្រូវបានជំរុញដោយកំណើនប្រជាជន និងភាពចាស់ជរា នេះបើយោងតាមការសិក្សាដែលចេញផ្សាយនៅក្នុងទស្សនាវដ្តី The Lancet។
ផ្អែកតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន RT, ជាងពាក់កណ្តាលនៃករណីកើតជំងឺមហារីកថ្មីៗ និង ការស្លាប់ចំនួន២ភាគ៣ ត្រូវបានរំពឹងថា នឹងកើតឡើងនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ដែលនេះជាការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុត របស់អ្នកសហការសិក្សាផ្នែកជំងឺមហារីកសកល។
លោកស្រីវេជ្ជបណ្ឌិត Lisa Force ប្រធានវិទ្យាស្ថានទទួលបន្ទុកកិច្ចការវាយតម្លៃសុខភាពនៅឯសាកលវិទ្យាល័យវ៉ាស៊ីនតោ បាននិយាយថា ជំងឺមហារីកនៅតែជាតួអង្គរួមចំណែកដ៏សំខាន់ចំពោះបន្ទុកជំងឺនៅទូទាំងពិភពលោក ហើយតាមរយៈការសិក្សារបស់យើងបង្ហាញថា ជំងឺមហារីកនឹងកើនឡើងយ៉ាងគំហុកក្នុងពេលប៉ុន្មានទសវត្សរ៍ខាងមុខទៀតនេះ។
នៅចន្លោះឆ្នាំ ១៩៩០ និង ២០២៣ ករណីកើតជំងឺមហារីកថ្មីៗប្រចាំឆ្នាំបានកើនឡើងទ្វេដងរហូតដល់ ១៨.៥លាននាក់ទូទាំងពិភពលោក ហើយនិន្នាការកើនឡើងត្រូវបានគេរំពឹងថានឹងបន្ត។
ការប្រើប្រាស់ថ្នាំជក់ ជាពិសេសក្នុងចំណោមបុរស នៅតែជាមូលហេតុចម្បងនាំមុខគេនៃការស្លាប់ដោយសារជំងឺមហារីក ជាមួយនឹងតួលេខប្រហែល ២១% ក្នុងចំណោមការស្លាប់ដោយសារជំងឺមហារីកទាំងអស់ក្នុងឆ្នាំ ២០២៣។
ក្រៅពីការប្រើប្រាស់ថ្នាំជក់ កត្តាហានិភ័យកើតជំងឺមហារីកផ្សេងទៀត រួមមានការរួមភេទមិនមានសុវត្ថិភាព ដែលបង្កឱ្យឆ្លងវីរុស papillomavirus ហៅកាត់ (HPV), ការទទួលទានគ្រឿងស្រវឹង, របបអាហារមិនល្អ, ផលប៉ះពាល់នឹងការងារ និង ការបំពុលបរិយាកាសជាដើម។ សម្រាប់ស្ត្រីវិញ កត្តាហានិភ័យមានដូចជាការធាត់ជ្រុល និង ជាតិស្ករក្នុងឈាមខ្ពស់៕
ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា
