លោក ថាក់ស៊ីន ស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រថៃ
បាងកក ៖ មេធាវីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា អតីតនាយករដ្ឋមន្រ្តីថៃរូបនេះ បានស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ ដើម្បីកាត់បន្ថយការជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ។
លោក Winyat Chatmontree ដែលជាមេធាវីរបស់លោកថាក់ស៊ីន បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទ នៅក្រៅពន្ធនាគារថា ញត្តិស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រត្រូវបានដាក់រួចរាល់ហើយ ប៉ុន្តែខ្ញុំមិនអាចធ្វើការអត្ថាធិប្បាយលំអិតអំពីរឿងនេះទេ។ នេះជាសិទ្ធិរបស់អ្នកទោសគ្រប់រូប។
មហាសេដ្ឋីទូរគមនាគមន៍ថៃរូបនេះ បច្ចុប្បន្នកំពុងជាប់ឃុំខ្លួននៅក្នុងពន្ធនាគារនៃទីក្រុងបាងកក។ តុលាការកំពូលថៃនៅថ្ងៃទី៩ ខែកញ្ញា បានសម្រេចឱ្យលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រឡប់ទៅពន្ធនាគារ ១ឆ្នាំ ក្រោយតុលាការរកឃើញថា អតីតនាយករដ្ឋមន្រ្តីថៃរូបនេះ មិនបានបំពេញទោសពេញលេញ។
សូមរម្លឹកថា លោក ថាក់ស៊ីន ធ្លាប់កាន់មុខតំណែងជានាយករដ្ឋមន្រ្តីថៃកាលពីឆ្នាំ ២០០១ និង ម្តងទៀតនៅឆ្នាំ ២០០៥ ហើយក្រោយមក លោកបានរត់ចោលប្រទេសកំណើតរបស់ខ្លួន បន្ទាប់ពីអាណត្តិទី២របស់គាត់ ត្រូវបានរបបយោធាផ្តួលរលំដោយការធ្វើរដ្ឋប្រហារ។
បន្ទាប់ពីវិលចូលស្រុកវិញកាលពីខែសីហា ឆ្នាំ ២០២៣ លោក ថាក់ស៊ីន ត្រូវបានផ្តន្ទាទោសរយៈពេល ៨ឆ្នាំ ពីបទប្រព្រឹត្តអំពើពុករលួយ និងរំលោភអំណាច៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា
