លោក Trump អាចនឹងបើកដៃឱ្យអ៊ុយក្រែនវាយលុកជ្រៅទៅក្នុងទឹកដីរុស្ស៊ី
វ៉ាស៊ីនតោន ៖ បេសកជនពិសេសអាមេរិក លោក Keith Kellogg បានបង្ហើបអំពីលទ្ធភាពដែលលោកប្រធានាធិបតី Donald Trump បើកដៃឱ្យអ៊ុយក្រែនអាចវាយប្រហារក្នុងចម្ងាយឆ្ងាយចូលជ្រៅទៅក្នុងទឹកដីប្រទេសរុស្ស៊ី ដោយប្រើប្រាស់សព្វាវុធទំនើបៗរបស់សហរដ្ឋអាមេរិក។
លោក Kellogg បានបង្ហើបបែបនេះអំឡុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីរុស្ស៊ីត្រូវបានចោទប្រកាន់ថា បានបញ្ជូនយន្តហោះចម្បាំង និង យន្តហោះដ្រូនរំលោភដែនអាកាសរបស់ប្រទេសអឺរ៉ុបមួយចំនួន ដែលជារដ្ឋសមាជិកអង្គការណាតូ។
លោកលោក Kellogg មានវ័យ៨១ឆ្នាំរូបនេះ បាននិយាយថា ដោយពិចារណានូវអ្វីដែលលោកប្រធានាធិបតី Trump បាននិយាយ និង អ្វីដែលលោកអនុប្រធានាធិបតី J.D. Vance បាននិយាយ ក៏ដូចជាសម្តីរបស់លោករដ្ឋមន្ត្រីការបរទេស លោក Rubio ដូច្នេះចម្លើយ គឺអាចទៅរួចដែលអាមេរិកនឹងបើកភ្លើងខៀវឱ្យអ៊ុយក្រែនវាយលុកក្នុងចម្ងាយឆ្ងាយទៅក្នុងទឹកដីរុស្ស៊ី។ ហើយគ្មានកន្លែងណាដែលត្រូវបានចាត់ទុកថា មានសុវត្ថិភាពទៀតឡើយ។
ជាមួយគ្នានេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយបែបចំអកអំឡុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទម្សិលមិញថា គ្មានឱសថមកពីឋានសួគ៌ណាអាចជួយដល់អ៊ុយក្រែនបានទេ ហើយក៏គ្មានអាវុធវេទមន្តនោះដែរ… មិនថា វាជាមីស៊ីល Tomahawks ឬក៏កាំជ្រួចផ្សេងទៀត ពួកវានឹងមិនអាចផ្លាស់ប្តូរគោលដៅយោធារុស្ស៊ីបានឡើយ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
