អធិការរងនគរបាលស្រុកបវេលម្នាក់ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ រកឃើញទទួលលុយពីមេក្លោង Online Scam ជាង ៧៧ម៉ឺនដុល្លារ ជាថ្នូរការដោះលែងខុសច្បាប់
(ភ្នំពេញ)៖ អធិការរងនគរបាលស្រុកបវេល ខេត្តបាត់ដំបងម្នាក់ ឈ្មោះ វ៉ន វាសនា ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ (ACU) រកឃើញថា បានទទួលលុយពីជនជាតិថៃ ចំនួន ៧៧៤,០០០ដុល្លារ ដែលជាមេក្លោងក្រុម Online Scam ជាថ្នូរត់ការ ដោះលែងខុសច្បាប់ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួន ។ នេះបើតាមរបាយការណ៍របស់ អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានបង្ហាញនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាលើកទី២ អាណត្តិទី៤ ក្រោមវត្តមានសម្ដេច ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អនុប្រធាន សមាជិក សមាជិកាក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងមន្ត្រីពាក់ព័ន្ធ ។
ក្នុងរបាយការណ៍របស់ អង្គភាពប្រឆាំងអំពើពុករលួយ បានបន្តថា ក្រៅពីអធិការរងនគរបាលស្រុកបវេល អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានរកឃើញមនុស្សចំនួន ៥នាក់ផ្សេងទៀត ពាក់ព័ន្ធក្នុងករណីរត់ការ ដោះលែងក្រុម Online Scam នេះ ក្នុងនោះមានឈ្មោះ តាំង សំណាង ជាយោធា (មានខ្លួន), ឈ្មោះ ហេង សុខណា (គេចខ្លួន), ឈ្មោះ មុនី សុខដារ៉ូ (គេចខ្លួន), ឈ្មោះ OVARARINT RAWI ជាថៅកែពួក Online Scams ចំនួន៤៣នាក់ ជាជនជាតិថៃ និងជាអ្នកចំណាយលុយ ៧៧៤,០០០ដុល្លារ រត់ការដោះលែងកូនចៅ (គេចខ្លួន) និងឈ្មោះ SRIPHAN SUPARP ជនជាតិថៃ (គេចខ្លួន)។
ករណីនេះ បានកើតឡើងតាំងពីខែឧសភា ឆ្នាំ២០២៥មកម្លេះ ពោល នៅពេលនគរបាលជាតិ តាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សហការជាមួយមូលដ្ឋានបានចុះប្រតិបត្តិការរដ្ឋបាល ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ នៅក្រុងប៉ោយប៉ែត ហើយរកឃើញអ្នកចូលមកស្នាក់នៅ ព្រមទាំងធ្វើការខុសច្បាប់ជាច្រើននាក់ ក្នុងនោះ ជនជាតិថៃ ៤៣នាក់ (ស្រី២០នាក់) ដែលធ្វើការបោកប្រាស់តាមអនឡាញ ។
ជាគោលការណ៍ នគរបាលជាតិ នឹងត្រូវបណ្តេញអ្នកឆបោកទាំងនោះ ចេញពីកម្ពុជា បញ្ជូនទៅប្រទេសវិញ។ ថៅកែទីតាំង Online Scams ជាជនជាតិថៃ ឈ្មោះ OVARARINT RAWI តាមរយៈមេការជនជាតិថៃម្នាក់ឈ្មោះ SRIPHAN SUPARP បានចំណាយប្រាក់រត់ការ ដើម្បីសុំឲ្យមានការដោះលែងជនជាតិថៃ ៤៣នាក់ ពីការឃុំឃាំង និងសុំកុំឲ្យបញ្ជូនទៅថៃវិញ ព្រមទាំងអនុញ្ញាត ឲ្យបាននៅក្នុងប្រទេសកម្ពុជា បន្តធ្វើការវិញដដែល ដោយចំណាយប្រាក់ជាច្រើន ។
ការរត់ការនេះត្រូវបរាជ័យ ព្រោះនគរបាលជាតិ មិនអាចសម្របសម្រួលឲ្យ ហើយត្រូវចាប់បណ្តេញចេញពីកម្ពុជា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ (៦ថ្ងៃក្រោយ) ព្រមទាំងរឹបអូសបានប្រាក់រត់ការ ២០០,០០០ដុល្លារអាមេរិក ជូនមកតុលាការ។ ដោយសាររឿងនេះ ជារឿងរត់ការ តុលាការបញ្ជូនសំណុំរឿងនេះ មកអង្គភាពប្រឆាំងអំពើពុករលួយ ជាសមត្ថកិច្ចវិញ ។
អង្គភាពប្រឆាំងអំពើពុករលួយ បានរកឃើញថា វរសេនីយ៍ វ៉ន វាសនា អធិការរងនគរបាលស្រុកបវេល ជាអ្នករត់ការសូកប៉ាន់ បានទទួលប្រាក់ចំនួន ៧៧៤,០០០ដុល្លារអាមេរិក (ម្នាក់១៨,០០០ដុល្លារអាមេរិក) ពីឈ្មោះ OVARARINT RAWI ជាជាតិថៃ ជាថៅកែពួក Online Scams ៤៣នាក់នោះ ដើម្បីរត់ការ ដោះលែងកូនចៅរបស់ខ្លួន តាមរយៈជនជាតិថៃ ១រូបទៀត ឈ្មោះ SRIPHAN SUPARP ។
នៅយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ឈ្មោះ វ៉ន វាសនា បានប្រគល់ប្រាក់ ២៨៤,០០០ដុល្លារ ឲ្យទៅឈ្មោះ ហេង សុខណា នៅខេត្តកំពត ដើម្បីរត់ការសូកប៉ាន់ ដែលមានឈ្មោះ មុនី សុខដារ៉ូ ជាអ្នកឃុបឃិត និងជួយលាក់បាំងពីការផ្ទេរប្រាក់។ ក្រោយពីមានភស្តុតាងគ្រប់គ្រាន់ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនជនសង្ស័យប៉ុនប៉ងសូកប៉ាន់ ៦នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ។
អង្គភាពប្រឆាំងអំពើពុរលួយ កំពុងបន្តរកឃាត់ខ្លួនជនជាប់ចោទ ៤នាក់ទៀត ខណៈឈ្មោះ ហេង សុខណា និងឈ្មោះ មុនី សុខដារ៉ូ អង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនបាន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ពីបទប៉ុនប៉ងសូកប៉ាន់ដោះលែងពួក Online Scams ហៅ Call Center ហើយនៅសល់តែ ២រូបទៀត ដែលពុំទាន់ចាប់បានសុទ្ធតែជាជនជាតិថៃ ហើយជាម្ចាស់ Call Center ៕
អត្ថបទ ៖ វណ្ណលុក
រូប ៖ សួង ពសិដ្ឋ












