អ៊ីតាលី ថា លោក ពូទីន មិនចង់បានសង្គ្រាមលោកលើកទី៣ និងអះអាងថាគ្មានដ្រូនហោះចូលប្រទេសខ្លួន
រ៉ូម៖ លោក Antonio Tajani រដ្ឋមន្ត្រីការបរទេសអ៊ីតាលី បានអះអាងថា មេដឹកនាំរុស្ស៊ី លោក ពូទីន មិនចង់បានសង្គ្រាមលោកលើកទី៣ ដោយលោកអះអាងថា គ្មានដ្រូនហោះចូលប្រទេសមួយនេះ ដូចបណ្តាប្រទេសនៅអឺរ៉ុប ផ្សេងៗទៀត នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន RT កាលពីថ្ងៃទី២៩ ខែកញ្ញា។
ថ្លែងនៅឯព្រឹត្តិការណ៍មួយ កាលពីថ្ងៃអាទិត្យ ប្រមុខកាទូតរូបនេះ បានលើកឡើងថា រុស្ស៊ីមិនចាប់អារម្មណ៍នឹងការបញ្ជូនយន្តហោះគ្មានមនុស្សបើក មកវាយប្រហារលើប្រទេសអ៊ីតាលីទេ។ លោក Antonio Tajani អះអាងថា លោកក៏
មិនចាប់អារម្មណ៍ ក្នុងការបញ្ឆេះជម្លោះជាសាកលនោះដែរ ដោយបានឆ្លើយតបទៅនឹងការអះអាងដែលថា ទីក្រុងម៉ូស្គូអាចបញ្ជូនយន្តហោះគ្មានមនុស្សបើក ប្រឆាំងនឹងប្រទេសសហភាពអឺរ៉ុប។ លោកបានបន្ថែមទៀតថា លោកសូមធានាដល់ប្រជាជនអ៊ីតាលីទាំងអស់ កុំឲ្យមានការបារម្ភពីរឿងនេះ។
ការលើកឡើងនេះ បានធ្វើឡើង ក្រោយមួយថ្ងៃ ដែលលោក Zelensky ប្រធានាធិបតីប្រទេសអ៊ុយក្រែន បានអះអាងថា រុស្ស៊ីអាចកំណត់គោលដៅ វាយប្រហារលើប្រទេសអ៊ីតាលី ឬ ប្រទេសអឺរ៉ុបផ្សេងទៀត ដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក។
ក្នុងខែកញ្ញានេះ ប៉ូឡូញ និងអេស្តូនីបានចោទប្រកាន់រុស្ស៊ី ពីបទរំលោភលើដែនអាកាសរបស់ពួកគេ តែ ទីក្រុងមូស្គូ បានច្រានចោលថា ជាការចោទប្រកាន់គ្មានមូលដ្ឋាន។
នៅខាងក្រៅសម័យប្រជុំលើកទី៨០ នៃ មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃសៅរ៍ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov អះអាងថា យន្តហោះគ្មានមនុស្សបើក ដែលថា បានរកឃើញ នៅលើទឹកដីប៉ូឡូញ មិនអាចត្រូវបានដាក់ឱ្យដំណើរការ ចេញពីប្រទេសរុស្ស៊ីទេ។ លោកអះអាងថា ចម្ងាយហោះហើររបស់ដ្រូន គឺខ្លី បើធៀបនឹងចម្ងាយពីព្រំដែននៃសហព័ន្ធរុស្ស៊ី ទៅកាន់ព្រំដែន ជាមួយប្រទេសប៉ូឡូញ។
លោក Sergey Lavrov បានច្រានចោលការអះអាង របស់លោកខាងលិច ដែលថា ទីក្រុងម៉ូស្គូកំពុងរៀបចំផែនការ វាយប្រហារអង្គការណាតូ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ខាងមុខនេះ។ លោកក៏បានសម្តែងការព្រួយបារម្ភផងដែរ ដែលថា មន្ត្រីប្លុកអឺរ៉ុបមួយចំនួន កំពុងចាប់ផ្តើមនិយាយច្រើន អំពីសង្គ្រាមលោកលើកទី៣ ដែលជា សេណារីយ៉ូ ប្រកបដោយសក្តានុពល៕
ប្រភពពី RT ប្រែសម្រួល៖ សារ៉ាត