រាជរដ្ឋាភិបាលផ្តល់គោលការណ៍លើកទឹកចិត្តពិសេសដល់គម្រោងវិនិយោគ និងធុរកិច្ចចំនួន ១៧ គម្រោងក្រោមទុនវិនិយោគ​២៨០ លានដុល្លារ

ភ្នំពេញ៖រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍ផ្តល់​ការលើក​ទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ដល់​គម្រោងចំនួន ១៧គម្រោង មានទុនវិនិយោគប៉ាន់ស្មានប្រមាណ ២៨០លានដុល្លារអាមេរិក និងអាចបង្កើត​ការងារ​ប្រមាណជាង ២.០០០កន្លែង ។នេះបើយោងតាមលទ្ធផលអង្គប្រជុំកាលពី​ព្រឹក​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេច​ធិបតី​នាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារ​ជំរុញ​ការវិនិយោគក្នុង​ខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យ​លើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទរបស់គម្រោងវិនិយោគ និងធុរកិច្ចក្នុងខេត្តព្រះសីហនុ ។កិច្ច​ប្រជុំនេះ មានការអញ្ជើញ​ចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង តំណាង​ក្រសួងស្ថាប័ន និងរដ្ឋបាលខេត្តព្រះ​សីហនុ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។

តាមរយៈកិច្ចប្រជុំ រាជរដ្ឋាភិបាលផ្តល់គោលការណ៍លើកទឹកចិត្ត​ពិសេសដល់គម្រោងវិនិយោគ និងធុរកិច្ចចំនួន ១៧ គម្រោង​ក្នុងនេះគម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងចំនួន ១០ និង​គម្រោងថ្មីចំនួន ៥ និង គម្រោងមាន​ស្រាប់​ចំនួន២ដែលមាន​ទុនវិនិយោគប៉ាន់ស្មានសរុបប្រមាណ២៨០ លានដុល្លារ ,ប៉ាន់ស្មាន​អាចបង្កើតការងារប្រមាណ ២ ១៩៥ កន្លែង ។គម្រោងទាំង ១៧ នេះមានជាអាទិ៍ គម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​​ចម្រុះ, គម្រោងរោងចក្រកែច្នៃ​អាលុយមីញ៉ូម, គម្រោងបង្កើតរោងចក្រផលិតសម្ភារៈសម្រាប់សត្វចិញ្ចឹម,គម្រោងអគារពហុមុខងារ និង គម្រោង​សណ្ឋាគារ ។

ឯកឧត្តមបណ្ឌិតសភាចារ្យបានបញ្ជាក់ថា បន្ទាប់ពីទទួលបាន​គោលការណ៍លើកទឹកចិត្តហើយ,ក្រុមការងារ និង ក្រសួង ស្ថាប័ន ត្រូវបន្តជួយសម្របសម្រួល ដោះស្រាយបញ្ហា សំណូមពរ សម្រួលនីតិវិធី និង ផ្តល់ការលើក​ទឹកចិត្ត​ជាក់ស្តែង ដូចជា ការ​លើកទឹកចិត្តផ្នែកពន្ធដារ ផ្នែកគយ និង ការផ្តល់អាជ្ញាបណ្ណ លិខិតអនុញ្ញាត និង វិញ្ញាបនបត្រ រួមទាំងការចុះបញ្ជីក្រុមហ៊ុន និងការចេញប្រកាសបើករោងចក្រជាដើម ដើម្បីឱ្យវិនិយោគិន អាចដំណើរការវិនិយោគ ដោយរលូន មានរំហូរសាច់ប្រាក់ក្នុង​សេដ្ឋកិច្ច បង្កើតប្រាក់ចំណូល និងបង្កើតការងារធ្វើជូនប្រជាជន ។

សូមជម្រាបជូនថាចាប់ពីឆ្នាំ ២០២៤ រហូតដល់ខែកញ្ញា ឆ្នាំ២០២៥​​ក្រុមការងារបានសម្រេចជាគោលការណ៍​ផ្តល់​ការលើកទឹកចិត្ត ដល់គម្រោងចំនួន ៣៩២ គម្រោង ដែលមាន​ទុនវិនិយោគប៉ាន់ស្មានសរុប៧ ៨០១ លានដុល្លារ​និង ប៉ាន់ស្មាន​អាចបង្កើតការងារ៥០ ៦៧០ កន្លែង ។ក្នុងនោះគម្រោង​វិនិយោគ​​ពាក់ព័ន្ធអគារជាប់គាំងចំនួន ១៨៦ គម្រោង, គម្រោង​វិនិយោគថ្មី ១៦៦ គម្រោង, គម្រោងពង្រីក២៥ គម្រោង និង​គម្រោង​​វិនិយោគមានស្រាប់ ១៥ គម្រោង ។

បន្ថែមពីលើការផ្តល់គោលការណ៍នេះ ក្រុមការងារបានជួយ​សម្របសម្រួលផ្តល់ការលើកទឹកចិត្តជាក់ស្តែង ដែល​រួមមាន ការចុះបញ្ជីសហគ្រាស, ការលើកលែងពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ ពន្ធលើប្រាក់ចំណូល និង អាករ​លើតម្លៃ​បន្ថែមអត្រាសូន្យភាគរយ, ការអនុញ្ញាតនាំចូលសម្ភារៈសំណង់​ដោយពន្ធអាករជាបន្ទុករដ្ឋ និង ការលើកលែង​កម្រៃសេវា​សាធារណៈសម្រាប់ការស្នើសុំអាជ្ញាបណ្ណនានានិងការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ៕
ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner