មេដឹកនាំកូរ៉េខាងត្បូង និង ជប៉ុនប្តេជ្ញាលុបបំបាត់អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ចេញពីឧបទ្វីបកូរ៉េ
សេអ៊ូល ៖ មេដឹកនាំកូរ៉េខាងត្បូង និង ជប៉ុន កាលពីថ្ងៃអង្គារ បានព្រមព្រៀងធ្វើការរួមគ្នា ដើម្បីព្យាយាមដោះស្រាយភាពចលាចល ជុំវិញបញ្ហាពាណិជ្ជកម្មសកល ពិសេសការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងចេញពីឧបទ្វីបកូរ៉េឱ្យខានតែបាន។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba ដែលមកបំពេញទស្សនកិច្ចដោយសុច្ឆន្ទៈ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី និង កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធលើវិស័យពាណិជ្ជកម្ម។
អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Kang Yu-jung បានប្រាប់សន្និសីទសារព័ត៌មានបន្ទាប់ពីមេដឹកនាំទាំងពីរបញ្ចប់ជំនួបថា កូរ៉េខាងត្បូង និង ជប៉ុន ក្នុងនាមជាអ្នកជិតខាង និង ជាដៃគូសហប្រតិបត្តិការពិភពលោកដែលមានមុខតំណែងប្រហាក់ប្រហែលគ្នា គួរតែធ្វើសកម្មភាពរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមនានា។
លោកស្រីថា មេដឹកនាំទាំងពីរបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈម ដែលសហគមន៍អន្តរជាតិកើតឡើង ចំពេលបរិយាកាសភូមិសាស្ត្រនយោបាយ និង សណ្តាប់ធ្នាប់ពាណិជ្ជកម្មមានភាពចលាចល ហើយភាគីទាំងពីរក៏បានបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងចេញពីឧបទ្វីបកូរ៉េផងដែរ។
ទោះបីជាយ៉ាងណា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសក្តែងៗថ្មីៗនេះរួចហើយថា ទោះបីក្នុងតម្លៃណាក៏ដោយ ប្រទេសរបស់លោកដាច់ខាតនឹងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែរ ជាថ្នូរនឹងការបញ្ចប់ការដាក់ទណ្ឌកម្មនោះទេ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
