នាវាចម្បាំងអ៊ីស្រាអែលស្ទាក់កប៉ាល់ដឹកជំនួយហ្គាហ្សា
ហ្គាហ្សា ៖ នាវាចម្បាំងរបស់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃពុធ ទី១ ខែតុលា បានស្ទាក់ចាប់នាវាដឹកជំនួយ នាំយកទៅកាន់តំបន់ហ្គាហ្សា។
កងកម្លាំងទ័ពជើងទឹកអ៊ីស្រាអែល បានស្ទាក់ចាប់កងនាវាប្រហែល ៤៥គ្រឿង ដែលដឹកអ្នកនយោបាយនិងសកម្មជន រួមទាំងអ្នកធ្វើយុទ្ធនាការអាកាសធាតុស៊ុយអែត បានចាកចេញពីប្រទេសអេស្ប៉ាញ កាលពីខែមុន ក្នុងគោលបំណង បំបែកការបិទផ្លូវរបស់អ៊ីស្រាអែល លើទឹកដីប៉ាឡេស្ទីន ដែលអង្គការសហប្រជាជាតិនិយាយថា ទុរ្ភិក្សបានចូលជ្រៅ។
ក្រសួងការបរទេសអ៊ីស្រាអែល បានបង្ហោះ នៅលើបណ្តាញសង្គម X ថា «នាវាជាច្រើន ត្រូវបានបញ្ឈប់ដោយសុវត្ថិភាព ហើយអ្នកដំណើរកំពុងត្រូវបានផ្ទេរ ទៅកាន់កំពង់ផែអ៊ីស្រាអែល» ។
យ៉ាងណា លោកស្រី Rima Hassan សមាជិកសភាអឺរ៉ុប សញ្ជាតបារាំង-ប៉ាឡេស្ទីន ដែលធ្វើដំណើរជាមួយកងនាវាចរ កាលពីល្ងាចថ្ងៃពុធ បាននិយាយថា មនុស្សរាប់រយនាក់ “ត្រូវបានចាប់ខ្លួនដោយខុសច្បាប់ និង ឃុំខ្លួនដោយអ៊ីស្រាអែល” អំឡុងពេលនោះ។
ក្រុមហាម៉ាស់ ដែលបានវាយប្រហារ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ លើអ៊ីស្រាអែល និងជាហេតុបង្កឱ្យមានសង្រ្គាមនៅហ្គាហ្សា បានថ្កោលទោសការស្ទាក់ចាប់កងនាវាចរ “នៅក្នុងដែនទឹកអន្តរជាតិ” ថា ជា “ឧក្រិដ្ឋកម្មនៃការលួច និងភេរវកម្មតាមសមុទ្រ”។
នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez បាននិយាយថា សកម្មជន “មិនតំណាងឱ្យគ្រោះថ្នាក់ឬការគំរាមកំហែងដល់អ៊ីស្រាអែល” ហើយសង្ឃឹមថា នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu និង រដ្ឋាភិបាលរបស់ លោក ក៏នឹងមិនតំណាងឱ្យការគំរាមកំហែងដល់កងនាវាចរ នេះទេ” ។
យ៉ាងណា ថ្លែងនៅមុនកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុប នៅថ្ងៃពុធ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បានអំពាវនាវឱ្យសកម្មជន បញ្ឈប់ការធ្វើដំណើររបស់ពួកគេ ដោយនិយាយថា វាអាចប៉ះពាល់ដល់ផែនការសន្តិភាព Gaza ចុងក្រោយបង្អស់ របស់ប្រធានាធិបតីអាមេរិក Donald Trump ដែលបច្ចុប្បន្ន កំពុងស្ថិតក្រោមការចរចា៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត