ទេសាភិបាលធនាគារជាតិនៃកម្ពុជា អបអរ និងផ្តល់រង្វាន់ដល់សិស្សប្រឡងជាប់ សញ្ញាបត្របាក់ឌុប នៅខេត្តកំពង់ធំ
(កំពង់ធំ)៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអបអរ និងកោតសរសើរចំពោះជោគជ័យរបស់សិស្សានុសិស្ស ដែលប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយខេត្តកំពង់ធំ មានបេក្ខជនប្រឡងជាប់សរុប ៥.៧៩៥រូប ស្រី៣.៣១៩រូប ក្នុងនោះស្រុកសន្ទុក មានបេក្ខជនប្រឡងជាប់ចំនួន ៥១៦រូប ស្រី៣១៥រូប ដោយមានសិស្សចំនួន ៧រូប ស្រី៥រូប មកពីវិទ្យាល័យតាំងក្រសាំង និងវិទ្យាល័យកំពង់ថ្ម ទទួលបាននិទ្ទេស A ក្នុងនោះ បេក្ខជនប្រឡងមកពីវិទ្យាល័យតាអោក និងវិទ្យាល័យកំពង់ឈើទាល ក្នុងស្រុកប្រាសាទសំបូរ បានប្រឡងជាប់ ២០៩រូប និងមានសិស្សទទួលបាននិទ្ទេស A ម្នាក់ ។ លោកជំទាវបណ្ឌិត បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញចូលរួម អបអរសាទរដល់សិស្សថ្នាក់ទី១២ ដែលប្រឡងជាប់ជាស្ថាពរ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ នៅស្រុកសន្ទុក ខេត្តកំពង់ធំ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ។
លោកជំទាវបណ្ឌិត ជា សិរី បានជំរុញឱ្យសិស្សានុសិស្សទាំងអស់ ប្រឹងប្រែងរៀនសូត្រ បន្តទៀត ដោយបោះបង់ចោលត្រឹមនេះ និងត្រូវចាត់ទុកថា ឆ្នាំនេះ បានផ្តល់នូវបទពិសោធន៍ថ្មី សម្រាប់បន្តប្រឹងប្រែង និងត្រៀមខ្លួនប្រឡងជាថ្មីម្តងទៀត នៅឆ្នាំសិក្សាក្រោយ។
លោកជំទាវបណ្ឌិត បានជម្រាបជូនដល់សិស្សានុសិស្ស និង មាតាបិតា អាណាព្យាបាលឱ្យដឹងថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាសផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៤.៥៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេសបរិញ្ញាបត្ររង និងបរិញ្ញាបត្រ ឆ្នាំសិក្សា២០២៥-២០២៦ ដោយឆ្លងកាត់ការប្រឡង និងមិនឆ្លងកាត់ការប្រឡង ។
លោកជំទាវបានជម្រាបជូនផងដែរ នៃការផ្តល់អាហារូបករណ៍របស់ ធនាគារជាតិនៃកម្ពុជា ក្នុងនោះសិស្សរៀនពូកែនិទ្ទេស A ទាំងអស់នៅទូទាំងខេត្តកំពង់ធំ និងទទួលបានអាហារូបករណ៍ពេញ ១០០% ពីវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ (ទាំងថ្លៃសិក្សានិងការឧបត្ថម្ភផ្សេងៗ) ចំពោះសិស្សទទួលបាននិទ្ទេស B ធនាគារជាតិនៃកម្ពុជា នឹងផ្តល់អាហារូបករណ៍ ឥតបង់ថ្លៃសិក្សាតែប៉ុណ្ណោះ ហើយធនាគារជាតិនៃកម្ពុជា ក៏នឹងផ្តល់អាហារូបករណ៍ សម្រាប់ការស្នាក់នៅដោយឥតគិតថ្លៃ នៅអន្តេវាសិកដ្ឋានរបស់វិទ្យាស្ថាន សិក្សាបច្ចេកទេសធនាគារ ដល់សិស្សនិទ្ទេស A មកពីខេត្តកំពង់ធំ ដែលមានស្ថានភាពគ្រួសារក្រីក្រ ជីវភាពខ្វះខាត ហើយចង់បន្តការសិក្សា នៅរាជធានីភ្នំពេញ តាមបណ្តាឧត្តមសិក្សារដ្ឋផ្សេងៗផងដែរ ។
ក្នុងពិធីសំណេះសំណាលនេះដែរ តំណាងធនាគារជាតិនៃកម្ពុជា បាននាំយក នូវអំណោយនិងប្រាក់ឧបត្ថម្ភ ចែកជូនលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យទាំង៣ ក្នុងស្រុកសន្ទុក សរុបប្រមាណ៥៨៥នាក់រួមមាន៖ សិស្សនិទ្ទេស A ចំនួន៧រូប និងសិស្សនិទ្ទេស A មកពីស្រុកប្រាសាទសំបូរចំនួនម្នាក់ ដោយម្នាក់ៗទទួលបាន Laptop ចំនួន១គ្រឿង និងអាហារូបករណ៍សិក្សា នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ IBS ១០០% ។
សិស្សនិទ្ទេស B ចំនួន ២៤រូប ម្នាក់ៗទទួលបានអាហារូបករណ៍ថ្លៃសិក្សា នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ IBS និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២០ម៉ឺនរៀល។ សិស្សនិទ្ទេស C ចំនួន ១១៤រូប ម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០ម៉ឺនរៀល ។ សិស្សនិទ្ទេស D E និង F ចំនួន៤៤០រូប ម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ៥ម៉ឺនរៀល ក្នុងនោះលោកគ្រូ-អ្នកគ្រូបង្រៀនថ្នាក់ទី១២ និងមន្ត្រី ការិយាល័យអប់រំចំនួន៧៥រូប ម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភ២០ម៉ឺនរៀល, និងឧបត្ថម្ភទីស្នាក់ការគណបក្សស្រុកថវិកាចំនួន ២លានរៀល ៕






អត្ថបទ ៖ វណ្ណលុក
រូប ៖ វ៉េង លីមហួត