អភិបាលខេត្តកំពង់ចាមអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គដែលបន្តហក់ឡើងខ្ពស់ ជិតដល់កម្រិតត្រូវ ប្រុងប្រយ័ត្ន

កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥​បានដឹកនាំក្រុមការងារ​ខេត្ត មន្ទីរអង្គភាព​ជំនាញ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញ ចុះពិនិត្យ​ស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ស្ថិតនៅតាម​បណ្តោយ​ដងទន្លេក្នុងក្រុងកំពង់ចាម ដើម្បីសិក្សាលទ្ធភាព ក្នុងការអន្តរាគមន៍ បង្ការ ទប់ស្កាត់ កុំឱ្យមានហានិភ័យ​កើតឡើង​ជាយថាហេតុ។ដោយឡែកព្រែកទាំងអស់ក្នុងភូមិសាស្រ្តខេត្តក៏​បានទទួលទឹកហូរចូលផងដែរ។

គួររលឹកថា នៅព្រឹកព្រលឹមស្រាងៗ​ ក្រុងកំពង់ចាម​ និងស្រុក​ដទៃ ក្នុងភូមិសាស្ត្រខេត្តបានទទួលឥទ្ធិពលពី​ភ្លៀងមួយ​មេធំ បណ្តាលឱ្យកើតមានជាជំនន់ទឹកភ្លៀង ប៉ុន្តែក្រោយពេលរងភ្លៀង​មួយស្របក់ ស្ថានភាពជំនន់ទឹកភ្លៀង ក៏ប្រែជាធម្មតាវិញ។

ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តបានរលឹកដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ​ ស្ទឹង​ បឹង​ ព្រែក​ សូម​បង្កើនការ​ប្រុងប្រយ័ត្ន​ខ្ពស់។ត្រូវមើលថែកូនចៅ​ក្មេងតូចៗកុំឱ្យលេងទឹក​ និងសូមទាក់ទាងមកអាជ្ញាធរ​ ឫសមត្ថកិច្ចក្នុង​ករណីត្រូវការ​អន្តរាគមន៍។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២ ខែតុលា នេះ ទឹកទន្លេមេគង្គ​មានកម្ពស់ ១៤:៤០ម៉ែត្រដោយកម្រិត​ទឹកត្រូវប្រុងប្រយ័ត្ន​ ១៥:២០ម៉ែត្រ។ ទន្ទឹមនេះទឹកបានហៀរចូលព្រែកបាន​ចំនួន៤១លើ៤១ព្រែក ក្នុងនេះស្រុកស្ទឹងត្រង់ចំនួនប្រាំព្រែក,
ស្រុកកំពង់សៀមចំនួន១១ព្រែក,ស្រុកកងមាសចំនួន១៣ព្រែក,ស្រុកកោះសូទិនចំនួនប្រាំព្រែកនិង ស្រុកស្រីសន្ធរ​ចំនួនប្រាំពីរព្រែក៕
ដោយ៖លីពៅ

ads banner