លោក Elon Musk ក្លាយជាមនុស្សដំបូងគេក្នុងលោក មានលុយលើស៥០០ពាន់លានដុល្លារ

អាមេរិក៖ ថៅកែក្រុមហ៊ុន Tesla លោក Elon Musk បានក្លាយជាមនុស្សដំបូងគេក្នុងលោក ដែលមានលុយ លើស៥០០ពាន់លានដុល្លារអាមេរិក នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី របស់ទស្សនាវដ្តី Forbes ដែលបានរាយការណ៍ កាលពីថ្ងៃទី១ ខែតុលា។

យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC នៅថ្ងៃទី២ ខែតុលា បានឲ្យដឹងថា មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ បានកើនទ្រព្យខ្លាំងបំផុត ដោយសារតែតម្លៃភាគហ៊ុន របស់ក្រុមហ៊ុន ដែលជាកម្មសិទ្ធិរបស់លោក សុទ្ធតែមានកំណើន នៅឆ្នាំ២០២៥នេះ មានដូចជា ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla, ក្រុមហ៊ុនបញ្ញាសិប្បនិមិត្ត xAI និង ក្រុមហ៊ុនរ៉ុក្កែត SpaceX ជាដើម។ តម្លៃក្រុមហ៊ុនបាននិងកំពុងកើនឡើង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈដែលវិនិយោគិននានា ស្វាគមន៍លោក Musk ដែលផ្តោតលើពេលវេលាបន្ថែមទៀត ក្នុងក្រុមហ៊ុនរបស់លោក ជាជាងចាយពេល ក្នុងរឿងនយោបាយ។

ជាការកត់សម្គាល់ លោក Elon Musk ធ្លាប់បានប្រឈមមុខនឹងការរិះគន់ច្រើន កាលពីដើមឆ្នាំនេះ ជុំវិញការងាររបស់លោក ជាមួយនឹងនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ហៅកាត់ DOGE ក្រោមរដ្ឋបាលរបស់លោក Trump ដែលជាស្ថាប័នមានភារកិច្ចកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និង កាត់បន្ថយការងារសហព័ន្ធដ៏ច្រើន ពុំធ្លាប់មាន។

ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Tesla លោកស្រី Robyn Denholm បាន
ព្យាករណ៍ថា លោក Musk អាចមានទ្រព្យដល់ ១ទ្រីលានដុល្លារ ឬ ១ពាន់ពាន់លានដុល្លារ ក្នុងទសវត្សរ៍ក្រោយ។ តែ លោកត្រូវបង្កើនតម្លៃរបស់ក្រុមហ៊ុន Tesla ៨ដង ហើយ លក់រថយន្ត Tesla ចំនួន ១២ លានគ្រឿង ព្រមទាំង លក់មនុស្សយន្ត AI មួយលានគ្រឿង និង ឈានដល់គោលដៅអាជីវកម្ម ជាច្រើនទៀត។

យោងតាមទស្សនាវដ្ដី Forbes បាឲ្យដឹងដែរថា ស្ថាបនិកក្រុមហ៊ុន Oracle លោក Larry Ellison ដែលធ្លាប់មានលុយច្រើនជាងលោក Musk រយៈពេលខ្លី កាលពីខែមុន បានធ្លាក់មកជាអ្នកមានបំផុត លំដាប់ទីពីរ របស់ពិភពលោក ដែលមានទ្រព្យសម្បត្តិប្រហែល ៣៥០.៧ពាន់លានដុល្លារ៕

ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner