ឯកឧត្តម ហ៊ុន ម៉ានី ផ្តល់បទឧទ្ទេសនាមក្នុងវគ្គអប់រំនយោបាយ របស់គណបក្ស កម្រិត២ ជំនាន់ទី២១

(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញផ្តល់បទឧទ្ទេសនាមស្តីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ក្នុងវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត២ ជំនាន់ទី២១ ជូនដល់សមាជិក សមាជិកាគណបក្សប្រមាណ ១៤៦នាក់ ស្រ្តី ១៧នាក់ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា វិមាន ៧មករា រាជធានីភ្នំពេញ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីអត្ថន័យ នៃវិមាន ៧មករា ដែលជាវិមានដ៏ធំស្កឹមស្កៃ ជាទីស្នាក់ការគណបក្សប្រជាជនថា វិមាននេះ បានសាងក្នុងយុគ្គសម័យនៃការអភិវឌ្ឍដ៏រុងរឿងនេះ កើតចេញពីតម្លៃនៃវីរភាព និងការលះបង់របស់ឥស្សរជនជាន់ខ្ពស់ជំនាន់មុន ដែលលោកបានខំប្រឹងប្រែង កសាងស្នាដៃជាប្រវត្តិសាស្ត្រជាច្រើនជូនជាតិមាតុភូមិ ជាពិសេស បន្តរក្សាសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ សម្រាប់យើងជាអ្នកជំនាន់ក្រោយ ។

ក្នុងនាមជាកម្មាភិបាលមួយរូប និងក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចែករំលែកនូវទស្សនៈ ផ្ទាល់ខ្លួន ទៅកាន់សិក្ខាកាមទាំងអស់ថា ប្រព័ន្ធរដ្ឋបាលសាធារណៈមានភាពអស្ចារ្យ ប្រសិនបើយើងមានការពិនិត្យ និងសិក្សាឱ្យស៊ីជម្រៅបន្ថែមទៀត យើងគួរតែផ្តល់តម្លៃ និងការគោរពដល់ថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

“ប្រព័ន្ធរដ្ឋបាលសាធារណៈ របស់កម្ពុជា បានចូលរួមដោះស្រាយ ទិដ្ឋភាពនយោបាយនូវកម្ពុជា ដោយហេតុផលថា យើងបានធ្វើសមាហរណកម្មត្រីភាគី ចូលមកក្នុងក្រសួង ស្ថាប័ន ដែលជារូបមន្តធ្វើឱ្យគ្រប់ភាគីទទួលបានដោយពេញចិត្ត។ ការអនុវត្តនយោបាយឈ្នះ ឈ្នះ ក៏មានប្រព័ន្ធរដ្ឋបាលសាធារណៈ បានចូលរួមចំណែកក្នុងមធ្យោបាយមួយ ផងដែរ ក្នុងមធ្យោបាយជាច្រើនទៀត ដែលមានសម្តេចតេជោ ជាស្ថានិក នៃនយោបាយឈ្នះ ឈ្នះ។ ប្រព័ន្ធរដ្ឋបាលសាធារណៈ ចូលរួមដោះស្រាយបញ្ហាធំៗរបស់កម្ពុជា ។

បទឧទ្ទេសនាមរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ត្រូវបានបែងចែកជា ៣ផ្នែក៖ ផ្នែកទី១.ការរំលឹកនូវប្រវត្តិ និងការកកើតនៃវិស័យមុខងារសាធារណៈ ជាពិសេស ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈជាបន្តបន្ទាប់កន្លងមក និងសម្រេចបាន នូវលទ្ធផលជាច្រើន រហូតមកដល់ពេលបច្ចុប្បន្ន, ផ្នែកទី២.ការរៀបរាប់អំពីកិច្ចការងារស្នូលរបស់ក្រសួងមុខងារសាធារណៈ និងផ្នែកទី៣ សមិទ្ធផលដែលក្រសួងមុខងារសាធារណៈ សម្រេចបានជាច្រើន គួរជាទីមោទនៈ ក្នុងការងារកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។

ក្នុងនោះ ឯកឧត្តម បានរំលេចពីការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់ រដ្ឋបាលសាធារណៈ ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលជាកិច្ចការងារអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត តាមរយៈគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋ បាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) ដែលដឹកនាំអនុវត្តដោយក្រសួងមុខងារសាធារណៈ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ការពិនិត្យឡើងវិញ និងការវិភាគមុខងារ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យសុខភាពនៃប្រព័ន្ធរដ្ឋបាលសាធារណៈ កម្ពុជា ដែលអនុវត្តនៅតាមក្រសួង ស្ថាប័នពាក់ព័ន្ធនឹងមុខងារ សេវា រចនាសម្ព័ន្ធ អភិក្រមនៃធនធានមនុស្ស ទៅតាមរយៈវាយតម្លៃ កែតម្រូវ ចំណុចខ្វះខាត ដើម្បីពង្រឹងសមត្ថភាព ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម។ការងារដែលជាការងារអាទិភាពមួយទៀត គឺការអនុវត្តយុទ្ធនាការធ្វើបច្ចុប្បន្នភាព រចនាសម្ព័ន្ធ និងការជំរឿនមន្រ្តីជាក់ស្តែងនៅតាមគ្រឹះស្ថាន សិក្សាសាធារណៈ, នៅតាមអង្គភាពសុខាភិបាលមូលដ្ឋាន ដែលចាប់ផ្តើមនៅភូមិសាស្ត្ររាជធានីភ្នំពេញ និងនៅតាមក្រសួងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ដែលនឹងអនុវត្តឆាប់ៗនេះ ។

លើសពីនេះ ឯកឧត្តម បានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ ចូលរួមផ្សព្វផ្សាយ ពីគោលបំណងពិត ប្រាកដនៃការធ្វើជំរឿន ដោយក្នុងនោះ ឯកឧត្តមបានផ្តាំផ្ញើថា “ស្មារតីនៃការធ្វើជំរឿននាពេលនេះ គឺមិនមែនមានគោលបំណង ដើម្បីស្វែងរកកំហុស និងមិនមែនជាការឈានដល់ការវះកាត់នោះទេ តែការធ្វើជំរឿន គឺដើម្បីកំណត់បានទិន្នន័យច្បាស់លាស់អំពីរចនាសម្ព័ន្ធ មន្រ្តីជាក់ស្តែង ដែលទិន្ន ន័យទាំងអស់ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការរៀបចំ ផែនការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស ការបែងចែកថវិកា និងការរៀបចំគោលនយោ បាយនានាឱ្យមានប្រសិទ្ធភាព ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner