កម្មករនិយោជិត នៃក្រុមហ៊ុនតារាលបានចូលធ្វើការជាធម្មតាវិញនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥នេះ
(ភ្នំពេញ)៖ នៅទីបំផុតកម្មករកម្មការិនីនៃរោងចក្រតារាលដែលមានអាសយដ្ឋាននៅឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺបានចូលធ្វើការជាធម្មតាវិញនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ នេះបន្ទាប់ពីភាគីទាំងពីរបានឈានដល់ការព្រមព្រៀងគ្នា។ នេះជាការបញ្ជាក់ពីលោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ការវិលត្រឡប់ចូលធ្វើការជាធម្មតាវិញរបស់កម្មករកម្មការិនីនៃរោងចក្រតារាលគឺបន្ទាប់ពីការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់របស់មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋានដោយមានការចូលរួមពីតំណាងកម្មករនិយោជិត និងនិយោជកក្រោយការតវ៉ារបស់កម្មករកម្មការិនីកាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា ដដែល។

ចំណុចដែលឯកភាពនោះរួមមាន ការបន្តរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ ក្នុងថ្ងៃតវ៉ាការពារ ថ្ងៃទី២ និងថ្ងៃទី ៣ ខែតុលា ការស្នើសុំដំឡើងប្រាក់រង្វាន់ និងការអនុញ្ញាតឱ្យស្ត្រីដែលមានផ្ទៃពោះពីរខែអាចចេញមុនបាន ១៥ នាទីជាដើម។ ជាមួយគ្នានេះខាងភាគីនិយោជក និងក្រសួងនឹងបន្តពិភាក្សា និងពិនិត្យលើសំណើរបស់បងប្អូនកម្មករដែលស្នើសុំថវិកាថ្លៃបាយថ្ងៃត្រង់២000 រៀលយ៉ាងយកចិត្តទុកដាក់បំផុត។

ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងអំណរគុណទៅដល់បងប្អូនកម្មករកម្មការិនីតំណាងសហជីព និងខាងភាគីនិយោជកដែលបានសម្របសម្រួលគ្នាជាអន្តទៅដល់ការសម្រេចបាននូវការព្រមព្រៀងដែលអាចឱ្យបងប្អូនកម្មករកម្មការិនីបានចូលធ្វើការវិញទៅថ្ងៃទី៤ ខែតុលានេះ។

បន្ថែមពីនេះ ក្រសួងការងារក្នុងនាមអាណាព្យាបាលស្នើសុំឱ្យបងប្អូនកម្មករកម្មការិនីក៏ដូចជារោងចក្រសហគ្រាសសូមបន្តជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារជាសេនាធិការដែលបាននិងកំពុងយកចិត្តទុកដាក់ដោះស្រាយចំពោះសំណូមពររបស់បងប្អូនដោយមិនព្រងើយកន្តើយឡើយ៕
ដោយ ៖ ង៉ាន់ ទិត្យ

