សម្ដេចតេជោ ហ៊ុន សែន ប្រាប់ជនរួមជាតិកម្ពុជា កុំធ្វើទង្វើអមនុស្ស ដូចជនជាតិស៉ីវិល័យមួយ ដែលអួតថាមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នាថ្ងៃទី០៦តុលា ឆ្នាំ២០២៥ បានបង្ហាញឃ្លគិបវីដេអូមួយលើបណ្ដាញសង្គម និងបានប្រាប់ទៅជនរួមជាតិកម្ពុជា ថា សូមកុំធ្វើទង្វើអមនុស្ស ដូចជនជាតិស៉ីវិល័យមួយ ដែលតែងតែអួតថា មានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់ ។

នៅលើបណ្ដាញសង្គម សម្ដេចតេជិ បានបង្ហោះឃ្លីប អមដោយសំណេរថា នេះឬជាជនជាតិស៉ីវិល័យមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់?

សូមជនរួមជាតិកម្ពុជា កុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្ស និងអន់ជាងសត្វ។ មិនថាវីដេអូនេះធ្វើដោយមនុស្សផ្ទាល់ ឬដោយ AI គឺសុទ្ធតែបង្ហាញនូវអំពើអាក្រក់ទាំងអស់មិនថាជនជាតិណា ឬក្រុមណានោះទេ។

កន្លងមកនេះ បងប្អូនយើងមួយចំនួនបាន សុំមកខ្ញុំដើម្បីធ្វើការតបតតាមរយៈយករូបថត ឬព្រះឆាយាលក្ខព្រះមហាក្សត្រថៃ យកមកដាក់ ហើយបាញ់យករង្វាន់ដូចជនជាតិថៃមួយចំនួនបាននិងកំពុងធ្វើ។ សម្ដេចតេជោ បានប្រាប់ទៅវិញថា បើយល់ថាគេធ្វើបែបនេះជាការខុស សូមកុំប្រឡងយកខុសជាមួយគេធ្វើអី ព្រោះអំពើបែបនេះជាអំពើអមនុស្ស និងអន់ជាងសត្វទៅទៀត។

សម្ដេចបានពន្យល់បន្ថែមថា ពួកគេធ្វើបែបនេះក្នុងគោលដៅធ្វើឲ្យខ្ញុំបាត់បង់ការអត់ធ្មត់ក្នុងពេលបទឈប់បាញ់ កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ឬយ៉ាងហោចណាស់ញុះញង់ឲ្យកងទ័ពនិង ប្រជាជនយើងមួយចំនួនតបតតាមរបៀបបង្កអរិយភាព។

សម្ដេចតេជោ សូមអំពាវនាវជនរួមជាតិយើង សូមកុំយកព្រះឆាយាលក្ខព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃណាមួយមកធ្វើមិនគប្បីឲ្យសោះ។ ទោះជាប្រទេសយើងតូច ប្រជាជនយើងមានចំនួនតិច សេដ្ឋកិច្ចយើងទន់ខ្សោយ តែយើងកុំខ្សោយខាងសីលធម៌។ យើងត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរមានសីលធម៌ខ្ពស់។

ប្រសិនបងប្អូនឈឺចាប់ជាមួយថៃ មិនចូលចិត្តថៃ សូមកុំទិញទំនិញថៃមកប្រើប្រាស់ និងឈប់ប្រើប្រាស់ប្រាក់បាតថៃលើដីខ្មែរតទៅទៀតដើម្បីពង្រឹង ឯករាជ្យភាពខាងរូបីយវត្ថុរបស់ជាតិយើង។

សូមកុំធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ក្រុមហ៊ុនថៃ និងប្រជាជនថៃ ដែលកំពុងរស់នៅធ្វើការរកស៉ីនៅកម្ពុជា។ ខ្ញុំនៅតែជឿថា ប្រជាជនថៃភាគច្រើនមិនចង់ធ្វើសត្រូវជាមួយប្រជាជនកម្ពុជានោះទេ។ មនុស្សមួយចំនួននៅថៃ រាប់ទាំងអ្នកដឹកនាំថៃខ្លះផង កំពុងវាយតម្លៃខុសពីសេដ្ឋកិច្ចកម្ពុជាថា កំពុងជួបការលំបាកក្រោយពីថៃបិទព្រំដែនដោយខ្វះទំនិញប្រើប្រាស់។

សម្ដេចតេជោ ថា គួរតែអរគុណអ្នកដឹកនាំថៃម្តងទៀត ដែលវាយក្បាលគេត្រូវក្បាលខ្លួនឯង ព្រោះកម្ពុជាធ្លាប់យកប្រាក់ក្នុងមួយឆ្នាំៗមិនតិចជាង៥ពាន់លានដុល្លារទៅទិញទំនិញថៃ ហើយបង្វែលុយនេះមកទិញទំនិញក្នុងស្រុក ដែលធ្វើឲ្យទំនិញផលិតក្នុងស្រុកមានទីផ្សារដែលជាឱកាសពង្រឹងសេដ្ឋកិច្ចកម្ពុជា។

យើងមិនដែលបានទៅសុំទំនិញថៃមកលក់ក្នុងទីផ្សារយើងទេ គឺយកលុយទៅទិញ សូមអ្នកដឹកនាំថៃ កុំយល់ច្រឡំ និងប្រមាថកម្ពុជាបន្តទៀត។ យើងដឹងថា ពួកអ្នកជាអ្នកមានជាងកម្ពុជា តែអ្នកក៏ត្រូវយល់ថា យើងក៏បានយកលុយទៅទិញទំនិញថៃ ទើបធ្វើឲ្យប្រជាជនថៃមានទីផ្សាររកប្រាក់ចំណូល។ សូមប្រជាជនថៃដែលធ្លាប់លក់ទំនិញមកកម្ពុជា កុំខឹងកម្ពុជាដែលជាអតិថិជនដ៏ធំត្រូវបាត់បង់ដែលនេះមិនមែនជាកំហុសរបស់កម្ពុជានោះទេ។

ចុងក្រោយ សម្ដេចតេជោ ចង់ជំរាបទៅបងប្អូនពិសេសបងប្អូននៅជិតព្រំដែនថៃ សូមប្រញាប់ប្តូរប្រាក់បាតថៃ ជាមួយប្រាក់រៀល ឬដុល្លារ ព្រោះពេលខាងមុខបងប្អូន និងរងការខាតបង់ធ្ងន់ធ្ងរ និងអាចក្លាយជាចំណុចដែលគេយកធ្វើជាចំណុចខ្សោយដែលគេគម្រាមដូចករណីអគ្គិសនី អ៉ិនធើណែត និងប្រេងឥន្ធនៈកាលពីពេលមុន។ ឈប់ប្រើប្រាក់បាតមកប្រើប្រាក់រៀល គឺជួយពង្រឹងនូវរូបិយវត្ថុរបស់ជាតិយើង។

សម្ដេចសូមភ្ជាប់វិដេអូ ដែលជនជាតិថៃ ដាក់តាំងរូបសម្ដេច ដើម្បីបាញ់យករង្វាន់៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner