សម្តេចតេជោ៖ យើងមិនដែលបានទៅសុំទំនិញថៃមកលក់ក្នុងទីផ្សារយើងទេ គឺយកលុយទៅទិញ សូមអ្នកដឹកនាំថៃកុំយល់ច្រឡំ និងប្រមាថកម្ពុជាបន្តទៀត

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យើងមិនដែលបានទៅសុំទំនិញថៃមកលក់ក្នុងទីផ្សារយើងទេ គឺយកលុយទៅទិញ សូមអ្នកដឹកនាំថៃ កុំយល់ច្រឡំ និងប្រមាថកម្ពុជាបន្តទៀត។ យើងដឹងថា ពួកអ្នកជាអ្នកមានជាងកម្ពុជា តែអ្នកក៏ត្រូវយល់ថា យើងក៏បានយកលុយទៅទិញទំនិញថៃ ទើបធ្វើឱ្យប្រជាជនថៃមានទីផ្សាររកប្រាក់ចំណូល។ សូមប្រជាជនថៃដែលធ្លាប់លក់ទំនិញមកកម្ពុជា កុំខឹងកម្ពុជាដែលជាអតិថិជនដ៏ធំត្រូវបាត់បង់ ដែលនេះមិនមែនជាកំហុសរបស់កម្ពុជានោះទេ។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥។

សម្តេចតេជោបានបន្តថា ចុងក្រោយខ្ញុំចង់ជម្រាបទៅបងប្អូនពិសេសបងប្អូននៅជិតព្រំដែនថៃ សូមប្រញាប់ប្ដូរប្រាក់បាតថៃ ជាមួយប្រាក់រៀល ឬដុល្លារ ព្រោះពេលខាងមុខបងប្អូននឹងរងការខាតបង់ធ្ងន់ធ្ងរ និងអាចក្លាយជាចំណុចដែលគេយកធ្វើជាចំណុចខ្សោយដែលគេគំរាមដូចករណីអគ្គិសនី អ៊ីនធឺណិត និងប្រេងឥន្ធនៈកាលពីពេលមុន។ ឈប់ប្រើប្រាក់បាតមកប្រើប្រាក់រៀល គឺជួយពង្រឹងនូវរូបិយវត្ថុរបស់ជាតិយើង។

ជាមួយគ្នានេះ សម្តេចតេជោ សូមឱ្យប្រជាជនកម្ពុជាកុំធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ក្រុមហ៊ុនថៃ និងប្រជាជនថៃ ដែលកំពុងរស់នៅធ្វើការរកស៊ីនៅកម្ពុជា។ ខ្ញុំនៅតែជឿថា ប្រជាជនថៃភាគច្រើនមិនចង់ធ្វើសត្រូវជាមួយប្រជាជនកម្ពុជានោះទេ។ មនុស្សមួយចំនួននៅថៃ រាប់ទាំងអ្នកដឹកនាំថៃខ្លះផង កំពុងវាយតម្លៃខុសពីសេដ្ឋកិច្ចកម្ពុជាថា កំពុងជួបការលំបាកក្រោយពីថៃបិទព្រំដែនដោយខ្វះទំនិញប្រើប្រាស់។ ខ្ញុំគួរតែអរគុណអ្នកដឹកនាំថៃម្ដងទៀត ដែលវាយក្បាលគេត្រូវក្បាលខ្លួនឯង ព្រោះកម្ពុជាធ្លាប់យកប្រាក់ក្នុងមួយឆ្នាំៗមិនតិចជាង៥ពាន់លានដុល្លារទៅទិញទំនិញថៃ ហើយបង្វិលលុយនេះមកទិញទំនិញក្នុងស្រុក ដែលធ្វើឱ្យទំនិញផលិតក្នុងស្រុកមានទីផ្សារដែលជាឱកាសពង្រឹងសេដ្ឋកិច្ចកម្ពុជា៕
ដោយ៖ពលជ័យ

ads banner