អ៊ីស្រាអែលចង់ឱ្យលោក ដូណាល់ ត្រាំ ឈ្នះពានរង្វាន់ណូបែលសន្តិភាព
ហ្សេរុយសាឡឹម ៖ ក្រុមតស៊ូមតិរបស់អ៊ីស្រាអែល ដែលធ្វើយុទ្ធនាការដើម្បីដោះលែងចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា កាលពីថ្ងៃចន្ទ បានអំពាវនាវចង់ឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទទួលបានរង្វាន់ណូបែលសន្តិភាពសម្រាប់ការប្តេជ្ញាចិត្តនាំយកសន្តិភាពដល់តំបន់ហែកហួរដោយសារសង្គ្រាមមួយនេះ។
នៅក្នុងលិខិតមួយផ្ញើទៅកាន់គណៈកម្មាធិការពានរង្វាន់ណូបែលន័រវេស, វេទិកាទាមទាររំដោះចំណាប់ខ្មាំង និងក្រុមគ្រួសារដែលបាត់ខ្លួនហ្គាហ្សា បាននិយាយថា លោកប្រធានាធិបតី ត្រាំ កំពុងព្យាយាមធ្វើនូវអ្វីតាមដែលលោកអាចធ្វើបាន ហើយក៏ជាអ្វីដែលមនុស្សជាច្រើនជឿជាក់ថា អាចទៅរួច។
វេទិកានេះបន្តថា យើងសូមជំរុញឱ្យអ្នកផ្តល់ពានរង្វាន់ណូបែលសន្តិភាពប្រគល់ដល់លោកប្រធានាធិបតី ត្រាំ ឆ្លើយតបការប្តេជ្ញាចិត្តរបស់លោកដែលថា គាត់នឹងមិនសម្រាកទេ ហើយក៏នឹងមិនឈប់ដែរ រហូតទាល់តែចំណាប់ខ្មាំងចុងក្រោយទាំងអស់ អាចត្រលប់ទៅជួបជុំក្រុមគ្រួសារនៅផ្ទះវិញ។
ហើយនៅទីបំផុត ផែនការដ៏ទូលំទូលាយរបស់លោកប្រធានាធិបតី ត្រាំ គឺការបញ្ចប់សង្រ្គាមដ៏អាក្រក់នេះ គឺស្ថិតនៅលើតុហើយ។ ទន្ទឹមគ្នា វេទិកានេះក៏បានរិះគន់ធ្ងន់ៗផងដែរថា កាលពីឆ្នាំមុន គ្មានមេដឹកនាំ ឬអង្គការណាមួយបានរួមចំណែកជួយដល់សន្តិភាពជុំវិញពិភពលោក ច្រើនជាងលោកប្រធានាធិបតី ត្រាំ បានធ្វើនោះទេ។
ការអំពាវនាវនេះធ្វើឡើងនៅពេលដែលការចរចាររវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ចាប់ផ្តើមធ្វើឡើងនៅប្រទេសអេហ្ស៊ីប ដោយផ្អែកលើផែនការសន្តិភាពទាំង ២០ចំណុចដែលប្រកាសដោយប្រធានាធិបតី ត្រាំ កាលពីសប្តាហ៍មុន។
មេដឹកនាំអាមេរិកវ័យ៧៩ឆ្នាំក៏ធ្លាប់បានអះអាងជាសាធារណៈដែរថា គាត់ចង់បានពានរង្វាន់ណូបែលសន្តិភាព ទោះបីជាអ្នកជំនាញនិយាយថា ឱកាសរបស់គាត់មានតិចតួចក៏ដោយ ប៉ុន្តែលោកមានសុទិដ្ឋិនិយម ចំពោះការជួយដោះស្រាយសង្គ្រាមចំនួន៦ទៅ៧ក្នុងពេលប៉ុន្មានប៉ុណ្ណោះ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
