ក្រសួងព័ត៌មានបន្តពង្រឹងសមត្ថភាពពីការងារព័ត៌មាន និងសាធារណមតិនៅរាជធានី ខេត្តចំនួនបួន
(ព្រៃវែង)៖នៅខេត្តព្រៃវែងឯកឧត្តម ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងទៅកាន់សិក្ខាកាមមកពីរាជធានី ខេត្តចំនួនបួន ដែលមកទទួលការបណ្ដុះបណ្ដាលថា ការងារព័ត៌មាន និងសាធារណមតិគឺជាការងារសំខាន់ ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងព័ត៌មានកំពុងយកចិត្តទុកដាក់ខ្ពស់ ។
ឯកឧត្តមគូសរំលេចថា ក្រសួងព័ត៌មានបានដាក់ចេញនូវចក្ខុវិស័យ ធ្វើយ៉ាងណាប្រែក្លាយក្រសួងព័ត៌មានឱ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ» ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ។
ជាសកម្មបន្តពីសកម្មភាពនាពេលកន្លងទៅ ក្រសួងព័ត៌មានសហការជាមួយមន្ទីរព័ត៌មានខេត្តព្រៃវែងនាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំកាកបាទក្រហមខេត្តព្រៃវែងបានបើកវគ្គបំពាក់បំប៉នស្តីពី ការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិ ដល់អ្នកសារព័ត៌មាន ព្រមទាំងមន្ត្រីជំនាញមកពីមន្ទីរព័ត៌មានខេត្តព្រៃវែង កណ្តាល ស្វាយរៀង និងមន្ទីរព័ត៌មានរាជធានីភ្នំពេញសរុបជាង៦០នាក់ ។
វគ្គបំពាក់បំប៉ននេះប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឆាយ សុផល តំណាងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក អន ភារៈអភិបាលរងខេត្តព្រៃវែង និងមានការអញ្ជើញចូលរួមពីឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ។
ឯកឧត្តម ឆាយ សុផល បានទាញអារម្មណ៍បន្ថែមថា មន្ត្រីព័ត៌មានត្រូវស្វែងយល់រៀនសូត្រឱ្យទាន់នូវបច្ចេកវិទ្យា និងចេះសម្របសម្រួលជាមួយមន្ទីរផ្សេងៗ ក្នុងនាមអ្នកគាំទ្រ និងអ្នកសម្របសម្រួលដើម្បីបានដំណឹងផ្សព្វផ្សាយដល់សាធារណជនផង និងថ្នាក់ដឹកនាំខេត្តផង ។ មន្ទីរព័ត៌មានរាជធានី-ខេត្ត ជាអ្នកសម្របសម្រួល និងជាអ្នកនាំពាក្យក្នុងខេត្ត គឺជាអ្នកពាំនាំព័ត៌មាន សំណូមពរពីមហាជនសម្រាប់ខេត្តបានដឹង និងផ្សព្វផ្សាយព័ត៌មានពីសមិទ្ធផល និងដំណោះស្រាយរបស់ខេត្តជូនដល់ប្រជាពលរដ្ឋតាមបណ្តាសហគមន៍មូលដ្ឋានបានដឹងផងដែរ។
ក្នុងនាមជាម្ចាស់ផ្ទះ លោក អន ភារៈ អភិបាលរងខេត្តព្រៃវែងបានបញ្ជាក់ថា វគ្គបំពាក់បំប៉ននៅពេលនេះ ពិតជាមានសារសំខាន់ក្នុងការផ្ដល់ចំណេះដឹងអំពីការគ្រប់គ្រង ការចងក្រងបណ្តាញព័ត៌មាន សាធារណមតិក្នុងបរិបទថ្មី ការផលិតមាតិកា សម្រាប់ការផ្សព្វផ្សាយបែបឌីជីថល ជាពិសេសលើបណ្តាញសង្គម ការតាមដាន ការវិភាគ និងការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយជាដើម។ ក៏ប៉ុន្តែក្នុងនេះ ក៏មានបញ្ហាមួយចំនួនក្នុងខេត្ត ក៏ដូចជាព័ត៌មានទូទៅ ជាអាទិ៍ ព័ត៌មានក្លែងក្លាយ ព័ត៌មាន ប្រឌិត អ្នកផលិតមាតិកា និងព័ត៌មានអសកម្មមួយចំនួន ដែលទាមទារឱ្យមន្ត្រីជំនាញរបស់ខេត្តត្រូវខិតខំធ្វើការងារនេះឱ្យបានសកម្ម។
លោកបានបញ្ជាក់ថា ក្រុមការងារប្រតិកម្មរហ័សរបស់រដ្ឋបាលខេត្តព្រៃវែង បានធ្វើការងារជាប្រចាំលើការងារសាធារណមតិនេះ ដោយបានជូនដំណឹង និងបំភ្លឺរាល់ព័ត៌មានមិនពិត ដែលកើតឡើងក្នុងមូលដ្ឋានខេត្តជាបន្តបន្ទាប់។
ចំណែកលោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែងលើកឡើងថាក្រុមការងារសម្របសម្រួលព័ត៌មាន និងសាធារណមតិនៃមន្ទីរព័ត៌មានខេត្ត បានអនុវត្តតាមផែនការសកម្មភាព និងក្តាប់សភាពការណ៍ថ្មីៗ ដោយប្រកាន់ខ្ជាប់នូវ ភាពបុរេសកម្ម សកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល។ ក្រៅពីនេះក្រុមការងារសម្របសម្រួលព័ត៌មាន និងសាធារណមតិ បានបង្កើនកិច្ចសហការល្អជាមួយ ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋានក្រុង ស្រុក ដើម្បីបកស្រាយបំភ្លឺព័ត៌មាន បន្សាប និងទប់ស្កាត់ព័ត៌មានក្លែងក្លាយឱ្យទាន់ពេលវេលា។
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានឱ្យដឹងថា គិតមកដល់ពេលនេះ ក្រសួងព័ត៌មានបានរៀបចំវគ្គបំពាក់បំប៉ន ស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិចំនួន៥វគ្គ ដែលបានចាប់ផ្តើមពីមន្ទីរព័ត៌មានក្នុងភូមិភាគឦសាន ភូមិភាគឧត្តរ ពាយព្យ ភូមិភាគនិរតី និងភូមិភាគបូព៌ា ដោយមានការគាំទ្រ និងចូលរួមពីថ្នាក់ដឹកនាំ និងអាជ្ញាធរ ទទួលបន្ទុកព័ត៌មាន នៃរដ្ឋបាលរាជធានីខេត្តទាំង២៥។
វគ្គបំពាក់បំប៉នទាំងនេះ បានផ្តោតលើប្រធានបទសំខាន់ៗទាក់ទងនឹងការងារជំនាញរាប់បញ្ចូល៖១- បច្ចេកទេសរៀបចំ និងខ្លឹមសារបែបសាធារណមតិ, ២- ការគ្រប់គ្រងព័ត៌មាន និងសាធារណមតិក្នុងរបត់ថ្មី,៣- ការចងក្រងបណ្តាញ ការគ្រប់គ្រងព័ត៌មាន ការផលិតមាតិកា សម្រាប់ផ្សាយបែបឌីជីថល ជាពិសេសបណ្តាញសង្គម, ៤-ការតាមដាន វិភាគចងក្រងព័ត៌មាន និងការឆ្លើយតបព័ត៌មានក្លែងក្លាយ,៥- របៀបរបបការងាររបស់មន្ទីរព័ត៌មាន និងក្រុមការងារពាក់ព័ន្ធ និងទី ៦- ការគ្រប់គ្រង និងវាយតម្លៃសមិទ្ធកម្មការងារ និង៧ ពីវិធីសាស្ដ្រប្រើប្រាស់បញ្ញាសិប្បនិម្មិត(AI) នៅក្នុងវិស័យសារព័ត៌មានជាដើម៕






ដោយ៖ង៉ាន ទិត្យ