មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានជំរុញដល់អ្នកសារព័ត៌មាន ត្រូវបង្កើនការផ្សាយពីផលិតផលជាតិឱ្យកាន់តែខ្លាំង
ព្រៃវែង៖ស្របពេលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងជំរុញខ្លាំងនូវការផ្សព្វផ្សាយ និងលើកកម្ពស់ផលិតផលក្នុងស្រុក មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានជំរុញដល់អ្នកសារព័ត៌មានទាំងអស់ត្រូវបង្កើនការផ្សាយពីផលិតផលជាតិឱ្យកាន់តែខ្លាំង។
ថ្លែងក្នុងពិធីបើកវគ្គបំពាក់បំប៉នស្ដីពី ការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិ ជូនដល់សិក្ខាកាមមកពីមន្ទីរព័ត៌មានខេត្តព្រៃវែង កណ្តាល ស្វាយរៀង និងមន្ទីរព័ត៌មានរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំកាកបាទក្រហមខេត្តព្រៃវែង ឯកឧត្តមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មានបានមានប្រសាសន៍ថា ក្នុងពេលដែលកម្ពុជាកំពុងមានបញ្ហាជាមួយប្រទេសថៃ ក្នុងនាមជាអ្នកផ្សព្វផ្សាយជូនមហាជន អ្នកសារព័ត៌មានទាំងរដ្ឋ និងឯកជន ត្រូវផលិតមាតិកាផ្សេងៗពាក់ព័ន្ធទៅនឹងផលិតផលរបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុន សហគ្រាសក្នុងស្រុកឱ្យបានទូលំទូលាយថែមទៀត។
ឯកឧត្តមបានគូសរំលេចថា នេះជាឱកាសមាស ដែលយើងត្រូវតែជំរុញផលិតផលក្នុងស្រុក ។ អ្នកសារព័ត៌មានទាំងអស់គ្នា ត្រូវសហការជាមួយមន្ត្រីជំនាញ មានដូចជា មន្ទីរសុខាភិបាល មន្ទីរកសិកម្ម ធ្វើយ៉ាងណា បង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋវិញ ដើម្បីឱ្យប្រជាពលរដ្ឋយើងងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក ។ទន្ទឹមនឹងនេះ យើងក៏ត្រូវជំរុញដល់អ្នកផលិតទាំងអស់ត្រូវតែពង្រឹងគុណភាព និងតម្លៃរបស់ខ្លួនផងដែរ ៕





ដោយ៖ ង៉ាន ទិត្យ