ឯកឧត្តម គង់ វិបុល អញ្ជើញប្រកាសតែងតាំងប្រធានសាខាពន្ធដារខេត្តកំពង់ធំថ្មី
(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញប្រកាសតែងតាំងលោក ប៉ូ ពិសិដ្ឋ ឱ្យកាន់តំណែងជាប្រធានសាខាពន្ធដារខេត្តកំពង់ធំ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាខាពន្ធដារខេត្តកំពង់ធំ។
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងអបអរសាទរដល់លោក ប៉ូ ពិសិដ្ឋ ដែលទទួលតំណែងថ្មីនេះ ដោយបានគូសបញ្ជាក់ថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងក្រោមអនុសាសន៍ដឹកនាំផ្ទាល់ពី ឯកឧត្តម វង្សី វិស្សុត ខេត្តកំពង់ធំកំពុងអភិវឌ្ឍទៅជាមជ្ឈមណ្ឌលកសិកម្ម ឧស្សាហកម្មទំនើប និងទេសចរណ៍ ដែលអាចទាក់ទាញវិនិយោគនានាទាំងក្នុងស្រុក និងក្រៅស្រុក។ ការរីកចម្រើនទាំងនេះ នឹងជំរុញឱ្យការប្រមូលពន្ធនៅក្នុងខេត្តកាន់តែប្រសើរឡើង និងជួយបង្កើនប្រាក់ចំណូលសាធារណៈសម្រាប់ការអភិវឌ្ឍជាតិ។
ឯកឧត្តម គង់ វិបុល បានថ្លែងអបអរសាទរ និងលើកទឹកចិត្តដល់លោក ប៉ូ ពិសិដ្ឋ ឱ្យខិតខំអនុវត្តការងារឱ្យបានប្រសើរឡើង ដោយសហការសាមគ្គីជិតស្និទ្ធជាមួយថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីសម្រេចគោលដៅនយោបាយប្រមូលចំណូលពន្ធឱ្យទទួលបានជោគជ័យ។ ឯកឧត្តមក៏បានលើកសំខាន់លើការកែលម្អប្រព័ន្ធការងារ បង្កើនប្រសិទ្ធភាពការគ្រប់គ្រង និងធានាឱ្យមានធនធានគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍមូលដ្ឋាន និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ត្រូវបន្តការផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ តាមទិសដៅកែទម្រង់ និងទំនើបកម្មរបស់អគ្គនាយកដ្ឋានពន្ធដារ ជាពិសេសតាមប្រព័ន្ធអនឡាញ និងឌីជីថល។ ការរៀបចំផែនការយុទ្ធសាស្ត្រ និងសូចនាករសំខាន់ៗ ត្រូវធ្វើឱ្យបានច្បាស់ក្នុងក្របខ័ណ្ឌការងាររបស់ខេត្ត ដើម្បីអនុវត្តឱ្យបានមានប្រសិទ្ធភាព។
លោក ប៉ូ ពិសិដ្ឋ ប្រធានសាខាពន្ធដារខេត្តកំពង់ធំ ថ្លែងប្តេជ្ញាចិត្តថា នឹងខិតខំអនុវត្តតាមអនុសាសន៍របស់ថ្នាក់ដឹកនាំ ដោយផ្អែកលើគោលការណ៍សាមគ្គីភាព វិន័យការងារ ការកែលម្អសមត្ថភាពវិជ្ជាជីវៈ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ លោកក៏ប្តេជ្ញាថា នឹងបន្តផ្សព្វផ្សាយច្បាប់ពន្ធដារ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងអ្នកជាប់ពន្ធឱ្យបានទាន់ពេលវេលា ស្របតាមអភិក្រម “មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រ” ៕






ដោយ ៖ ប៊ុន រដ្ឋា