អ៊ីស្រាអែលចោទថា អ៊ីរ៉ង់សម្ងំផលិតមីស៊ីលបាញ់ដល់ទឹកដីអាមេរិក
តេហេរ៉ង់ ៖ មេដឹកនាំអ៊ីស្រាអែលចោទថា អ៊ីរ៉ងកំពុងសម្ងំផលិតមីស៊ីលមានសមត្ថភាពវាយប្រហារក្នុងចម្ងាយប្រហែល ៨,០០០គីឡូម៉ែត្រ ពោលគឺអាចបាញ់ដល់ទីក្រុងនានារបស់សហរដ្ឋអាមេរិក។ ប៉ុន្តែអ៊ីរ៉ង់បានប្រកាសច្រានចោលកាលពីថ្ងៃអង្គារ។
ប្រតិកម្មរបស់អ៊ីរ៉ង់កើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមី ណេតាន់យ៉ាហ៊ូ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកកាលពីថ្ងៃចន្ទថា សព្វថ្ងៃ ប្រទេសអ៊ីរ៉ង់កំពុងប្រឹងប្រែងអភិវឌ្ឍមីស៊ីលផ្លោងអន្តរទ្វីប សម្រាប់រយៈចម្ងាយប្រហែល ៨,០០០គីឡូម៉ែត្រ”។
មេដឹកនាំអ៊ីស្រាអែលរូបនេះបាននិយាយថា តើវានឹងទៅជាយ៉ាងណា? អ៊ីរ៉ង់បានបង្កើនកម្លាំងមីស៊ីលពួកគេប្រហែល ៣,០០០គីឡូម៉ែត្រថែមទៀត ហើយពួកវាបានស្ថិតនៅក្នុងកាណុងកាំភ្លើងរបស់ពួកគេ។ លោកថា ទីក្រុងញូវយ៉ក វ៉ាស៊ីនតោន បូស្តុន ម៉ៃអាមី រួមទាំងរម្មណីយដ្ឋាន ម៉ា អាឡាហ្គោ នៅរដ្ឋផ្លរីដារបស់លោកប្រធានាធិបតី ត្រាំ នឹងក្លាយជាគោលដៅរបស់ពួកគេ។
សូមរម្លឹកថា កាលពីខែមិថុនា សង្រ្គាមរយៈពេល ១២ថ្ងៃបានផ្ទុះឡើង បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារមិនធ្លាប់មានលើប្រទេសអ៊ីរ៉ង់ ដោយកំណត់គោលដៅទីតាំងយោធា ការិយាល័យនយោបាយ និងរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់។
ចាប់តាំងពីមានបទឈប់បាញ់នៅថ្ងៃទី២៤ ខែមិថុនាមក មន្ត្រីនយោបាយ និងយោធាអ៊ីរ៉ង់បានព្រមានអំពីការផ្ទុះជម្លោះសារជាថ្មី ដោយនិយាយថា អ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្គ្រាម ប៉ុន្តែខ្លួនចង់មិនចង់ស្វែងរកវាទេ។
ទោះបីជាយ៉ាងណា បណ្តាប្រទេសលោកខាងលិច និងអ៊ីស្រាអែលបានចោទប្រកាន់អ៊ីរ៉ង់ថា កំពុងសម្ងំផលិតអាវុធនុយក្លេអ៊ែរ និងអភិវឌ្ឍមីស៊ីលដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។
ប៉ុន្តែអ៊ីរ៉ង់បានបដិសេធការចោទប្រកាន់នេះ ដោយទទូចថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់តែថាមពលស៊ីវិល និងគោលបំណងស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តប៉ុណ្ណោះ៕


ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា