អាមេរិក ផ្តល់ជំនួយយោធាជាង ២១ ពាន់លានដុល្លារឲ្យ អ៊ីស្រាអែល ចាប់តាំងពីផ្ទុះសង្គ្រាមនៅហ្គាហ្សា
វ៉ាស៊ីនតោន ៖ សរុបទាំងរដ្ឋបាល របស់លោក Biden និង លោក Trump រដ្ឋាភិបាលអាមេរិក បានផ្តល់ជំនួយយោធា យ៉ាងហោចណាស់ ២១.៧ពាន់លានដុល្លារ ដល់អ៊ីស្រាអែល តាំងពីមានសង្គ្រាមហ្គាហ្សា ជាង២ឆ្នាំ មកនេះ។ នេះបើយោងតាមការសិក្សាស្រាវជ្រាវថ្មីមួយ បង្ហាញឲ្យដឹង កាលពីថ្ងៃទី៧ ខែតុលា ហើយត្រូវបានចេញផ្សាយបន្ត ដោយទីភ្នាក់ងារព័ត៌មាន AP។
របាយការណ៍ ស្តីពីគម្រោងចំណាយលើសង្គ្រាម សិក្សាដោយសាកលវិទ្យាល័យ Brown University ត្រូវបានជូនដំណឹង ជាសាធារណៈដល់សភាអាមេរិក ចំពេលដែល លោក ប្រធានាធិបតី Donald Trump ជំរុញឱ្យបញ្ចប់សង្គ្រាម នៅហ្គាហ្សា ក្នុងនោះ មន្ត្រីអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានចាប់ផ្តើមកិច្ចពិភាក្សា ដោយប្រយោល នៅក្នុងប្រទេសអេហ្ស៊ីប ក្នុងសប្តាហ៍នេះ ក្រោមផែនការសន្តិភាព ២០ចំណុច។
ការសិក្សាបានរៀបរាប់ ថា សហរដ្ឋអាមេរិកបានផ្តល់ ជំនួយ ១៧.៩ ពាន់លានដុល្លារ ដល់អ៊ីស្រាអែល ក្នុងឆ្នាំដំបូង នៃសង្រ្គាម ក្រោមរដ្ឋបាល របស់លោក Joe Biden អតីតប្រធានាធិបតី កូតាគណបក្សប្រជាធិបតេយ្យ និង បន្ថែម ៣.៨ ពាន់លានដុល្លារទៀត ក្នុងឆ្នាំទីពីរ។ ប្រភពបានបន្តថា ជំនួយយោធាមួយចំនួន ត្រូវបានផ្តល់ឱ្យរួចហើយ ខណៈដែលនៅសេសសល់ នឹងត្រូវបានផ្គត់ផ្គង់ នៅក្នុងប៉ុន្មានឆ្នាំ ខាងមុខនេះ។
របាយការណ៍ ដែលរងការរិះគន់អ៊ីស្រាអែល យ៉ាងខ្លាំងនោះ បាននិយាយថា «បើគ្មានជំនួយពីអាមេរិកទេ អ៊ីស្រាអែលនឹងមិនអាចទ្រទ្រង់ យុទ្ធនាការរួមរបស់ខ្លួន ប្រឆាំងនឹងក្រុមហាម៉ាស នៅហ្កាហ្សា បានឡើយ»។ ការសិក្សា ក៏បានកត់សំគាល់ថា ទឹកប្រាក់រាប់សិបពាន់លានដុល្លារ នឹងត្រូវផ្តល់មូលនិធិ នាពេលអនាគត សម្រាប់អ៊ីស្រាអែល នៅក្រោមកិច្ចព្រមព្រៀង ទ្វេភាគីផ្សេងៗ ទៀតផង។
ការសិក្សាមួយផ្សេងទៀត របស់គម្រោងនេះ បាននិយាយដែរថា សហរដ្ឋអាមេរិកបានចំណាយប្រហែល ១០ពាន់លានដុល្លារ បន្ថែមទៀត លើជំនួយសន្តិសុខ និងប្រតិបត្តិការ នៅក្នុងតំបន់មជ្ឈិមបូព៌ាដ៏ទូលំទូលាយ ក្នុងរយៈពេលពីរឆ្នាំ ចុងក្រោយនេះ ដូចជា ចំណាយលើការវាយប្រហារ តាមកំចាត់ក្រុមឧទ្ទាម Houthi នៅប្រទេស យេម៉ែន និង រោងចក្រនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ កាលពីខែមិថុនា ជាដើម។
ក្រសួងការបរទេសអាមេរិក មិនមានការអត្ថាធិប្បាយ ភ្លាមៗ អំពី ចំនួនជំនួយយោធា ដែលផ្តល់ដល់អ៊ីស្រាអែល ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ នោះទេ ។ សេតវិមានឲ្យសួរសំណួរនេះ ទៅកាន់មន្ទីរបញ្ចកោណ ដែលគ្រប់គ្រងតែផ្នែកមួយ នៃ ជំនួយប៉ុណ្ណោះ។
របាយការណ៍នេះត្រូវបានចេញផ្សាយ ចំថ្ងៃខួប ២ឆ្នាំនៃការរវាយប្រហាររបស់ពួកហាម៉ាស់ លើភាគខាងត្បូង ប្រទេសអ៊ីស្រាអែល ៧ តុលា ២០២៣ – ៧ តុលា ២០២៥។ ការវាយលុកសងសឹក របស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា បណ្តាលឲ្យមនុស្ស ជាង ៦៧,០០០ នាក់បានស្លាប់ និង ជិត ១៧០,០០០នាក់ បានរងរបួស នេះបើយោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន។ កាលពីខែមុន គណៈកម្មការអង្គការសហប្រជាជាតិ បានពណ៌នាសកម្មភាព របស់ទីក្រុង ហ្ស៊េរុយសាឡឹម ថា ជា «អំពើប្រល័យពូជសាសន៍»៕
ប្រភពពី AP, RT ប្រែសម្រួល៖ សារ៉ាត