តួកគីសង្ឃឹមថា លោក ដូណាល់ ត្រាំ នឹងដកទណ្ឌកម្មលើការបញ្ជាទិញយន្តហោះចម្បាំង F-35s
អង់ការ៉ា ៖ មេដឹកនាំតួកគីបង្ហាញក្តីសង្ឃឹមថា កិច្ចប្រជុំកាលពីខែកញ្ញាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងជួយដកទណ្ឌកម្មរារាំងការបញ្ជាទិញយន្តហោះចម្បាំងបំបាំងកាយ F-35 ពិសេសការដាក់ទណ្ឌកម្មរបស់អាមេរិកប្រឆាំងនឹងធនាគារ Halkbank របស់តួកគី។
ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ បានប្រាប់អ្នកយកព័ត៌មាននៅលើជើងហោះហើរត្រឡប់ពីប្រទេសអាសែបៃហ្សង់ថា រូបលោកជឿជាក់ថា បញ្ហាទិញយន្តហោះចម្បាំងបំបាំងកាយ F-35 នឹងត្រូវបានដោះស្រាយ ហើយទណ្ឌកម្ម CAATSA របស់អាមេរិកក៏នឹងត្រូវបានដកចេញនាពេលខាងមុខផងដែរ។
មេដឹកនាំតួកគីរូបនេះបន្តថា លោកប្រធានាធិបតី ត្រាំ បានប្រាប់គាត់ទាំងនៅឯសេតវិមាន និងអំឡុងការសន្ទនាតាមទូរស័ព្ទថា បញ្ហាដាក់ទណ្ឌកម្មលើធនាគាររដ្ឋតួកគី Halkbank នឹងត្រូវបានបញ្ចប់ឆាប់ៗនេះ។ ភ្លាមៗ ភាគហ៊ុនរបស់ Halkbank បានកើនឡើងជាបន្តបន្ទាប់ដល់ ៧.៩ភាគរយនៅទីក្រុងអ៊ីស្តង់ប៊ុល។
លោកប្រធានាធិបតី អឺដូហ្កាន់ ក៏សង្ឃឹម និងជឿជាក់ខ្ពស់ថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់សេតវិមានកាលពីខែមុននេះ នឹងឈានដល់យុគសម័យថ្មីក្នុងទំនាក់ទំនងតួកគី-អាមេរិក ពិសេសជួយពង្រឹងកិច្ចសន្ទនា និងមិត្តភាពរវាងប្រទេសទាំងពីរបន្ថែមទៀត។
ទណ្ឌកម្ម CAATSA របស់អាមេរិកដែលបានអនុវត្តប្រឆាំងនឹងតួកគីក្នុងឆ្នាំ ២០២០ ជុំវិញការបញ្ជាទិញប្រព័ន្ធការពារដែនអាកាស S-400 របស់រុស្ស៊ី និងការចោទប្រកាន់ធនាគារដ្ឋតួកគី Halkbank លួចជួយអ៊ីរ៉ង់គេចវេសពីទណ្ឌកម្មអាមេរិកនោះ គឺជាបញ្ហាសំខាន់អំឡុងកិច្ចពិភាក្សារវាងលោកប្រធានាធិបតី ត្រាំ និងអឺដូហ្កាន់ នៅឯសេតវិមានកាលពីពីរសប្តាហ៍មុន៕


ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា