ប្រធានាធិបតី Palau ជាមេដឹកនាំដំបូងក្នុងលោកធ្វើបទសម្ភាសន៍ក្រោមសមុទ្រ
បរទេស ៖ ប្រធានាធិបតី Palau ដែលជាប្រទេសដីកោះតូចបំផុតមួយនៅតំបន់ប៉ាស៊ីហ្វិក គឺលោក Surangel Whips Jr បានក្លាយជាមេដឹកនាំពិភពលោកដំបូងគេ ដែលធ្វើបទសម្ភាសន៍ផ្សាយបន្តផ្ទាល់នៅក្រោមទឹកសមុទ្រ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Star កាលពីថ្ងៃពុធ។
កិច្ចសម្ភាសន៍របស់លោកប្រធានាធិបតី Surangel Whips Jr ដែលដឹកនាំប្រទេសមានប្រជាជនប្រហែល ១៧,៦០០នាក់ ធ្វើឡើងស្ថិតក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការអភិរក្សមហាសមុទ្រ។
ការិយាល័យរបស់ប្រធានាធិបតី Palau បានឱ្យដឹងថា ការជជែកគ្នាក្រោមសមុទ្រនេះ ត្រូវបានសម្របសម្រួលដោយបច្ចេកវិទ្យាឈ្មោះថា LiFi Talking Mask ដែលប្រើប្រាស់ពន្លឺដើម្បីបញ្ជូនសំឡេងនៅក្រោមទឹក បង្កើតឡើងដោយសហគ្រិនសង្គម Gunter Pauli។
ការិយាល័យនេះបានឱ្យដឹងទៀតថា ប្រទេសដីកោះ Palau បានរៀបចំបទសម្ភាសន៍ផ្សាយបន្តផ្ទាល់ក្រោមទឹកជាលើកដំបូងមិនធ្លាប់មានក្នុងពិភពលោកនេះ ដោយជោគជ័យជាមួយប្រមុខរដ្ឋ។
គួរបញ្ជាក់ថា ប្រទេស Palau គឺជាប្រជុំកោះដែលមានកោះតូច-ធំប្រហែល ៣៤០កោះ ស្ថិតនៅភាគខាងកើតនៃប្រទេសហ្វីលីពីន ហើយងាយរងគ្រោះខ្លាំងពីការកើនឡើងនីវ៉ូទឹកសមុទ្រ។ លោកប្រធានាធិបតី Whips ក៏បានទទួលស្គាល់ផងដែរថា ប្រទេសដែលជាដែនដីកោះផ្កាថ្មរបស់លោកអាចនឹងលិចបាត់ពីផែនដីក្នុងពេលប៉ុន្មានឆ្នាំខាងមុខទៀត។
លោកថា ទោះបីជាយ៉ាងណា ប្រទេស Palau តែងតែជឿជាក់លើការអភិរក្សមហាសមុទ្រប្រកបដោយនិរន្តរភាព ពីព្រោះវាស្ថិតនៅក្នុងសរសៃឈាម DNA របស់ពួកយើង។ ប្រទេស Palau ត្រូវបានពិភពលោកស្ងើចសរសើរ ពីព្រោះតែខិតខំប្រឹងប្រែងថែរក្សាប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះសមុទ្រជាច្រើន។
ហើយក្រៅពីមេដឹកនាំ Palau, ប្រធានាធិបតីម៉ាល់ឌីវ លោក Mohamed Nasheed ក៏បានធ្វើឱ្យពិភពលោកផ្ទុះការចាប់អារម្មណ៍ផងដែរ ដោយកាលពីឆ្នាំ ២០០៩ លោកបានដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅក្រោមទឹកសមុទ្រ។ ចំណែកនៅឆ្នាំ ២០១៩វិញ អតីតប្រធានាធិបតី Seychelles លោក Danny Faure បានធ្វើបទសម្ភាសន៍ពីយានមុជទឹកនៅឯមហាសមុទ្រឥណ្ឌា៕
ប្រភព ៖ The Star ប្រែសម្រួល ៖ ឈឹម ទីណា