រាជរដ្ឋាភិបាល ចេញសារាចរ ស្តីពី ការរៀបចំប្រារព្ធ ទិវាអាកាសចរណ៍ស៊ីវិល៧ធ្នូ នៅ កម្ពុជា
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរ ស្តីពី ការរៀបចំប្រារព្ធ ទិវាអាកាសចរណ៍ស៊ីវិល៧ធ្នូ នៅព្រះរាជាណាចក្រកម្ពុជា ។ នេះបើតាមសារាចរដែលចុះហត្ថលេខាដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ ។
វិស័យអាកាសចរណ៍ស៊ីវិល ត្រូវបានចាត់ទុកថា ជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់នៃដំណើរការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច តាមរយៈការដឹកជញ្ជូនតាមផ្លូវអាកាសជាតិ និងអន្តរជាតិ ដើម្បីជួយសម្រួល ដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ការលើកកម្ពស់ទំនាក់ទំនងសង្គមរួមចំណែក បង្កើនចំណូលថវិកាជាតិ។
កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ នូវគោលនយោបាយជាតិ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ ២០២៥-២០៣៥ ដើម្បីខិតខំអនុវត្តជាបន្តនូវ គោលនយោបាយ បើកចំហជើងមេឃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដាក់ចេញកាលពី ឆ្នាំ១៩៩៩ និងបន្តពង្រឹងសមត្ថភាពនៃការប្រកួតប្រជែង ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព ការពង្រីកការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃ ទៅក្នុងតំបន់និងសកលលោក ដោយរំពឹងទុកថា ព្រះរាជាណាចក្រកម្ពុជានឹងមានការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសជាតិ និងអន្តរជាតិ ចំនួន២៥ (ម្ភៃប្រាំ) លាននាក់ និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ចំនួន២០៥ (ពីររយប្រាំ) ពាន់តោននៅ ឆ្នាំ២០៣៥ ព្រមទាំងចូលរួមសម្រេចចក្ខុវិស័យ របស់កម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
ដើម្បីចូលរួមអនុវត្តគោលនយោបាយជាតិ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស ឆ្នាំ២០២៥-២០៣៥ និងស្របតាមស្មារតីរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ដែលបានបង្កើតនិងប្រារព្ធ ទិវាអាកាសចរណ៍ស៊ីវិលពិភពលោក ជារៀងរាល់ឆ្នាំ នៅថ្ងៃទី៧ ខែធ្នូ ក្នុងគោលបំណងប្រារព្ធខួបនៃការចុះហត្ថលេខាអនុសញ្ញា ស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ ដែលត្រូវបានគេស្គាល់ថា ជាអនុសញ្ញា ឈីកាហ្គោ និងបង្កើនការទាក់ទាញវិស័យអាកាសចរណ៍ស៊ីវិល ពិភពលោក រាជរដ្ឋាភិបាលកម្ពុជា សម្រេចកំណត់យកថ្ងៃទី៧ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីរៀបចំប្រារព្ធ ទិវាអាកាសចរណ៍ស៊ីវិល នៅព្រះរាជាណាចក្រកម្ពុជា និងដាក់ចេញនូវវិធានការណែនាំ ដូចខាងក្រោម៖
១៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយមានការចូលរួម តាមការស្ម័គ្រចិត្តពីក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ត្រូវរៀបចំទិវាអាកាសចរណ៍ស៊ីវិល តាមលទ្ធភាព ដូចតទៅ៖ រៀបចំពិធីតាំងពិព័រណ៍អាកាសចរណ៍ ដើម្បីដាក់តាំងបង្ហាញសមិទ្ធផល អាកាសចរណ៍នានា ដែលបានសម្រេចក្នុងឆ្នាំនីមួយៗ , រៀបចំកម្មវិធីដំណើរទស្សនកិច្ចរបស់សិស្ស និងនិស្សិតនៃគ្រឹះស្ថានអប់រំ ដើម្បីទស្សនកិច្ច ប្រតិបត្តិការជាក់ស្តែងរបស់អាកាសយានដ្ឋានអន្តរជាតិ ក្រុមហ៊ុនអាកាសចរណ៍ជាតិ និងក្រុមហ៊ុនគ្រប់គ្រងចរាចរណ៍តាមផ្លូវអាកាស ។
រៀបចំកម្មវិធីឃោសនាអប់រំស្តីពី៖ ការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពអាកាសចរណ៍ និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល, សាងសំខាន់នៃអាកាសចរណ៍ស៊ីវិលកម្ពុជា ក្នុងការចូលរួមជំរុញការរីកចម្រើនសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍និងការងារ និងផ្សព្វផ្សាយវប្បធម៌កម្ពុជាទៅកាន់ពិភពលោក, ផ្តួចផ្តើមការកសាងនវានុវត្តន៍ និងការការពារបរិស្ថានក្នុងវិស័យអាកាសចរណ៍ស៊ីវិល, ជំរុញការទាក់ទាញយុវជន និងយុវនារី ចូលរួមបម្រើការងារក្នុងវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា, ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា។
រៀបចំយុទ្ធនាការតាមបណ្តាញសង្គម ដើម្បីចែករំលែកព័ត៌មានគន្លឹះ រូបភាពជាក់ស្តែង និងទិន្នន័យ នៃការរីកចម្រើននៃវិស័យអាកាសចរណ៍ស៊ីវិល ក្នុងប្រទេស តំបន់ និងអន្តរជាតិ។ រៀបចំពិធីប្រគល់ពានរង្វាន់ និងបណ្ណសរសើរ ដល់បុគ្គលិកទាំងរដ្ឋនិងឯកជន ដែលមានស្នាដៃឆ្នើម ក្នុងការបម្រើការងារក្នុងវិស័យអាកាសចរណ៍ស៊ីវិល ។
២៖ ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធចូលរួមផ្សព្វផ្សាយទិវាអាកាសចរណ៍ស៊ីវិលនេះ តាមលទ្ធភាព ៕
ដោយ ៖ វណ្ណលុក

