សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យនាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចការងារ រយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ។

សូមជម្រាបថា កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម រ៉ូសឺវែល ស្កឺរីត (Roosevelt Skerrit) នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ។

ក្នុងជំនួបនោះ ប្រមុខរដ្ឋាភិបាលទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា អំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានជាអាទិ៍៖ នយោបាយ-ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ និង ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ។

បន្ទាប់ពីកិច្ចពិភាក្សាប្រកបដោយផ្លែផ្កា ថ្នាក់ដឹកនាំទាំងពីរ បានអញ្ជើញជាអធិបតី ក្នុងពិធីផ្លាស់ប្តូរ «អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ» ដែលយន្តការនេះនឹងប្រព្រឹត្តទៅរៀងរាល់ពីរឆ្នាំម្តង និងផ្តោតលើប្រធានបទ៖ (១) នយោបាយ ការទូត កុងស៊ុល និងសន្តិសុខ, (២) សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ, និង (៣) វប្បធម៌ បរិស្ថាន ការអប់រំ បណ្តុះបណ្តាល ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner