រុស្ស៊ីវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីអ៊ុយក្រែន

មូស្គូ ៖ រុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំ នៅក្នុងរដ្ឋធានី របស់ប្រទេសអ៊ុយក្រែន បណ្តាលឲ្យកាត់ផ្តាច់ថាមពលអគ្គិសនី នៅព្រឹកថ្ងៃសុក្រ ទី១០ ខែតុលានេះ។

ទីក្រុងកៀវ ត្រូវបានរុស្ស៊ីបានវាយលុក លើហេដ្ឋារចនាសម្ព័ន្ធ កាត់ផ្តាច់ការផ្គត់ផ្គង់ទឹក និង ថាមពល។ ការវាយប្រហារ ចុងក្រោយនេះបានធ្វើឡើង ខណៈដែលវិមានក្រឹមឡាំង បានបង្កើនការវាយប្រហារតាមអាកាស ទៅលើទីតាំង ថាមពល និងប្រព័ន្ធផ្លូវដែក របស់អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយឆ្លុះបញ្ចាំង ពីយុទ្ធនាការស្រដៀងគ្នា ដែលបានធ្វើឡើង ក្នុងរដូវរងារ មុនៗ ដែលទុកឱ្យមនុស្សមិនមានកំដៅ នៅក្នុងសីតុណ្ហភាពត្រជាក់។

អ្នកកាសែត AFP នៅទីក្រុង Kyiv បានឮការផ្ទុះដ៏ខ្លាំងក្លា ជាច្រើន ហើយបានជួបប្រទះ នឹងការដាច់ភ្លើងនៅផ្ទះ របស់ប្រជាជន។ កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា «រដ្ឋធានីនៃប្រទេសនេះ ស្ថិតនៅក្រោមការវាយប្រហារ ដោយមីស៊ីលផ្លោង របស់សត្រូវ និងការវាយប្រហារដ៏ធំ ដោយយន្តហោះគ្មានមនុស្សបើក របស់សត្រូវ ដោយបានជំរុញឱ្យប្រជាជននៅទីក្រុង Kyiv ស្នាក់នៅក្នុងជម្រក។

អភិបាលក្រុងកៀវ លោក Vitali Klitschko បាននិយាយថា កងកម្លាំងរុស្ស៊ីបានកំណត់គោលដៅ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ហើយបានធ្វើឱ្យមនុស្ស យ៉ាងតិច ៩នាក់ រងរបួស ក្នុងនោះ ៥នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

រដ្ឋមន្ត្រីថាមពលអ៊ុយក្រែន លោកស្រី Svitlana Grynchuk បាននិយាយថា «បុគ្គលិកថាមពលកំពុងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីកាត់បន្ថយផលវិបាក អវិជ្ជមាន»។

រុស្ស៊ីក៏បានវាយប្រហារតំបន់ Zaporizhzhia ភាគអាគ្នេយ៍ ជាមួយនឹងយន្តហោះគ្មានមនុស្សបើក យ៉ាងហោចណាស់ ចំនួន៧ លើក ដោយបានសម្លាប់ក្មេង អាយុ ៧ឆ្នាំ ម្នាក់ និង មនុស្សយ៉ាងហោចណាស់ ៣នាក់ រងរបួស នេះបើយោងតាម ប្រធានរដ្ឋបាលយោធា ក្នុងតំបន់ មួយនេះ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner