រដ្ឋសភានឹងកោះប្រជុំរដ្ឋសភាវិសាមញ្ញ នៅថ្ងៃទី១៧ ខែតុលាខាងមុខនេះ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៥
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យនិងអនុម័តរបៀបវារៈមួយចំនួន។
ជាលទ្ធផល គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបាន អនុម័តកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន៥ មាន៖
១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។
២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គល។
៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។
៤-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីពីរ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់។
៥-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា






