កម្ពុជា និងហ្វ៊ីលីពីន នឹងបន្តរីកចម្រើនជាមួយគ្នា នៅលើវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងបច្ចេកវិទ្យា
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Flerida Ann Camille P.Mayo ឯកអគ្គរដ្ឋទូតហ្វ៊ីលីពីន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅសាលពិសេស៣ វិមានព្រឹទ្ធសភា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យសភា កសិកម្ម អប់រំ ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ។
ឯកឧត្តមបណ្ឌិត បានចូលរួមរំលែកមរណទុក្ខ និងសោកស្តាយជាទីបំផុត ជាមួយរដ្ឋាភិបាលហ្វ៊ីលីពីន ចំពោះគ្រោះរញ្ជួយដី ដែលបានវាយប្រហារហ្វ៊ីលីពីន កាលពីយប់ម្សិលមិញនេះ ។
ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃទំនាក់ទំនងកម្ពុជា ហ្វ៊ីលីពីន ដែលកាន់តែរឹងមាំបន្ទាប់ពីមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតកំពូលរវាងនាយករដ្ឋមន្រ្តីកម្ពុជា និងប្រធានាធិបតីហ្វ៊ីលីពីន នាពេលថ្មីៗនេះ។
ឯកឧត្តមបណ្ឌិត បានបន្តថា ហ្វ៊ីលីពីន គឺជាសមាជិកដ៏សំខាន់ក្នុងអាស៊ាន ដែលជាកម្លាំងចលករមួយអាចជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងអាស៊ានឱ្យកាន់តែរឹងមាំ និងធន់នឹងវិបត្តិខាងក្រៅបាន។ ជាក់ស្តែង កំណើននៃការនាំចេញអង្ករ គ្រាប់ធញ្ញជាតិ ផលិតផលកសិកម្ម និងទំនិញជាច្រើនមុខទៀតរបស់កម្ពុជា ទៅកាន់ហ្វ៊ីលីពីន។
ឯកឧត្តមបណ្ឌិត និងលោកជំទាវអគ្គរដ្ឋទូត បានផ្លាស់ប្តូរយោបល់ពីបញ្ហាអន្តរជាតិ និងជាពិសេសបញ្ហាជម្លោះនៅក្នុងតំបន់អាស៊ាន។
ចំពោះស្ថានភាពតំបន់ព្រំដែនកម្ពុជា-ថៃ នៅតែមានភាពតានតឹង និងផុយស្រួយ ទោះបីមានបទឈប់បាញ់។ ឯកឧត្តម បញ្ជាក់ថាកម្ពុជា នឹងអត់ធ្មត់ដល់ទីបំផុត ចំពោះការញុះញង់ និងបានព្យាយាមដោះស្រាយតាមការចរចាផ្អែកលើច្បាប់ និងកិច្ចព្រមព្រៀង ដើម្បីសន្តិភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាព ក្នុងពេលឆាប់ខាងមុខនេះ ជាពិសេស គឺការដោះលែង ត្រឡប់មកវិញ នូវទាហានកម្ពុជា ១៨ រូប ដែលកងទ័ពថៃចាប់ធ្វើជាចំណាប់ខ្មាំង ក្រោយបទឈប់បាញ់ចូលជាធរមាន ។
ឯកឧត្តមបណ្ឌិត និងលោកជំទាវអគ្គរដ្ឋទូត យល់ស្របថា ហ្វ៊ីលីពីន និងកម្ពុជា ត្រូវចាប់យកឱកាសក្នុងបញ្ហាប្រឈមក្នុងស្ថានភាពពិភពលោកបែបនេះ ដើម្បីពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំ និងបន្តការរីកចម្រើនជាមួយគ្នា នៅលើវិស័យកសិឧស្សាហកម្ម ពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត ៕
អត្ថបទ ៖ វណ្ណលុក
រូប ៖ វ៉េង លីមហួត









