ប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកោះរ៉ុង និងវេទិកាសាធារណៈ ដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាល
(ព្រះសីហនុ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកោះរ៉ុង និងបើកវេទិកាសាធារណៈ ដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាល ។
ក្នុងវេទិកាសាធារណៈនាពេលនេះ មានការលើកឡើងនូវសំណើនិងសំណូមពរមួយចំនួនពីប្រជាពលរដ្ឋ ដូចជាស្នើសុំជំរុញការវាស់វែងដីធ្លីផ្ដល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ នៅក្នុងក្រុងកោះរ៉ុង ឱ្យបានឆាប់រហ័សដែលនេះជាបំណងប្រាថ្នាជាយូរមកហើយរបស់ប្រជាពលរដ្ឋនៅលើកោះនេះ ក្នុងគោលដៅដើម្បីរួមគ្នាអភិវឌ្ឍន៍កោះដ៏ស្រស់ស្អាតមួយនេះបន្ថែមទៀត និងបានលើកឡើងអំពីសំណើ តភ្ជាប់បណ្ដាញអគ្គិសនី, ទឹកស្អាត,ប្រព័ន្ធទូរសព្ទនិងអ៊ីនធឺណិតអោយបានគ្រប់គ្រាន់, ការរៀបចំប្រព័ន្ធលូបង្ហូរទឹកកខ្វក់ និងទីលានចាក់សំរាម រួមនឹងបញ្ហាផ្សេងៗមួយចំនួនទៀត ។
ឆ្លើយតបនឹងការលើកឡើងទាំងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា រាល់សំណើនិងសំណូមពររបស់អ្នកកោះរ៉ុងទាំងអស់ ដែលបានលើកឡើងក្នុងវេទិកាសាធារណៈនេះ នឹងត្រូវបានដោះស្រាយសម្របសម្រួល ប៉ុន្តែឯកឧត្តមយល់ឃើញថាសំណើ និងសំណូមពរដែលបានលើកឡើងទាំងនេះ ក៏មិនទាន់បានគ្រប់គ្រាន់ពេញលេញនោះដែរ សម្រាប់យើងទាំងអស់គ្នា។ ការងារទាំងអស់នេះទាមទារ ឱ្យយើងទាំងអស់គ្នាត្រូវមានការអត់ធ្មត់ និងយល់ពីគ្នាទៅវិញទៅមក ដើម្បីឱ្យមានការឯកភាពរួមគ្នា សំដៅត្រួសត្រាយដំណើររបស់យើងពីពេលនេះតទៅមុខ ចៀសផុតពីភាពលំបាកស្មុគស្មាញ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ប្រសិនបើយើងអាចដោះស្រាយបញ្ហាប្រឈម សំណើនិងសំណូមពរនានា និងរៀបចំក្រុងកោះរ៉ុងនេះបានជោគជ័យនោះ កោះរ៉ុងនឹងក្លាយជានិមិត្តរូបនៃភាពជោគជ័យរបស់យើងជារួមសម្រាប់ខេត្តព្រះសីហនុតែម្ដង ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញដល់ក្រុមការងារចុះមូលដ្ឋាន, រដ្ឋបាលខេត្តព្រះសីហនុ,រដ្ឋបាលក្រុងកោះរ៉ុង, អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋ រួមគ្នាប្រែក្លាយកោះរ៉ុងនិងកោះរ៉ុងសន្លឹមឱ្យទៅជាទីកន្លែងដែលមានជីវិតរស់រវើក, ប្រជាពលរដ្ឋមានប្រាក់ចំណូល មានជីវភាពធូរធារ រស់នៅដោយមានសន្តិសុខសុវត្ថិភាព, ក្លាយជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រទេសជាតិ ៕










អត្ថបទ ៖ ហេង វណ្ណា
រូបភាព ៖ គ្រី សម្បត្តិ