លោក ត្រាំ ចង់ឲ្យបណ្តេញប្រទេសអេស្ប៉ាញ ចេញពីណាតូ ព្រោះចេញលុយតិចពេក
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៩ ខែតុលា បានស្នើឲ្យសម្ព័ន្ធភាពយោធាអន្តរជាតិ ណាតូ គួរតែថ្លឹងថ្លែង អំពីការបណ្តេញ អេស្ប៉ាញ ចេញពីសមាជិកភាពរបស់ខ្លួន ព្រោះតែប្រទេសមួយនេះ ចេញលុយវិភាគទាន តិចតួចពេក។
យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន រយធឺ បានឲ្យដឹងថា ការចង់ផាត់ប្រទេសមួយនេះចេញ ពីសំណាក់មេដឹកនាំអាមេរិក បានកើតឡើង ចំពេលដែលមានជម្លោះ អំពីការចំណាយ លើវិស័យយោធា នៅប្រទេសស្ថិតក្នុងតំបន់ អឺរ៉ុបខាងលិច មួយនេះ។ កាលពីខែមិថុនា សមាជិកសម្ព័ន្ធណាតូ បានព្រមព្រៀងគ្នា បង្កើនការចំណាយយោធា ដល់ ៥% នៃផលិតផលក្នុងស្រុកសរុប ជាការផ្តល់អាទិភាពចម្បង សម្រាប់លោក ដូណាល់ ត្រាំ ដែលចង់ឱ្យប្រជាជនអឺរ៉ុប ចំណាយកាន់តែច្រើន លើវិស័យការពារជាតិ របស់ពួកគេ។ ប៉ុន្តែ នាយករដ្ឋមន្ត្រី អេស្ប៉ាញ លោក Pedro Sanchez បាននិយាយ នៅពេលនោះថា លោកនឹងមិនប្តេជ្ញាចិត្ត ចំពោះគោលដៅនេះទេ ដោយចាត់ទុកថា ការបង្កើនដូច្នេះ មិនស៊ីសង្វាក់គ្នានឹងស្ថានភាពសុខុមាលភាព របស់ប្រទេសអេស្ប៉ាញ និង ចក្ខុវិស័យពិភពលោក។
យ៉ាងណា អំឡុងជំនួប ជាមួយប្រធានាធិបតី ហ្វាំងឡង់ លោក Alexander Stubb ដែលជាមេដឹកនាំប្រទេសសមាជិកណាតូ ដ៏មានឥទ្ធិពលមួយ នៅឯការិយាល័យ Oval Office កាលពីថ្ងៃព្រហស្បតិ៍ លោក Trump បាននិយាយថា មេដឹកនាំអឺរ៉ុប ចាំបាច់ត្រូវយកឈ្នះ លើប្រទេសអេស្ប៉ាញ ដើម្បីឲ្យបង្កើនការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះសម្ព័ន្ធភាព ដោយផ្តើមសួរនាំដាក់សំពាធ ទៅកាន់ប្រទេសមួយនេះថា ហេតុអ្វីបានជាយឺតយ៉ាវជាងគេ។ លោក ត្រាំ បានគូសបញ្ជាក់ «គ្មានហេតុផលណា គួរតែយកលេស មិនបង្កើតចំណាយនោះទេ ដូច្នេះ ប្រហែលជាត្រូវដកចេញពី NATO»។
គួរបញ្ជាក់ថា អេស្ប៉ាញបានចូលរួម ជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬ ណាតូ ក្នុងឆ្នាំ ១៩៨២។ សម្ព័ន្ធការពារសមូហភាព ដែលមានសមាជិក ៣២ប្រទេស មួយនេះ បានផ្តោតការយកចិត្តទុកដាក់ ជាខ្លាំង លើបញ្ហាសន្តិសុខ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ដោយបានចាប់ផ្តើមឲ្យមានសង្រ្គាមដីគោក ដ៏សាហាវបំផុត នៅអឺរ៉ុប មិនធ្លាប់មាន ចាប់តាំងពីសង្គ្រាមលោក លើកទីពីរ មក។
អេស្ប៉ាញ ត្រូវបានកត់សម្គា់ថា ជាប្រទេសតែងតែជំទាស់នឹងការបង្កើនចំណាយ ក្នុងសម្ព័ន្ធភាពណាតូ។ នាយករដ្ឋមន្ត្រីអេស៉្បាញ លោក Pedro Sanchez បានស្នើសុំគោលដៅចំណាយ លើវិស័យការពារជាតិ តិចតួចជាងគេ គឺ ត្រឹម ២.១% នៃ ផលិតផលក្នុងស្រុកសរុប។ កាលពីឆ្នាំមុន អេស្ប៉ាញបានបែងចែក ចំណែកតូចបំផុត ក្នុងចំណោមសមាជិក ណាតូ គឺ ប្រហែល ១.៣% នៃ GDP របស់ខ្លួន៕
ប្រភពពី រយធឺ , RT ប្រែសម្រួល៖ សារ៉ាត