​ក្រុមការងារចាប់ផ្តើមសង់​ជម្រក​ស្នាក់​នៅ​ជូន​គ្រួសារ​វីរ​យុទ្ធ​ជន​កង​ការ​ពារ​ព្រំដែន​កម្ពុជា​-ថៃ​ម្នាក់នៅខេត្តកំពង់ធំ

កំពង់ធំ៖ឧត្ដមសេនីយ៍​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​យោធភូមិភាគ​ទី​៤​ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ បាន​ចាត់​តាំង​កម្លាំង​ដឹកជញ្ជូន​គ្រឿង​ឈើ និង​សម្ភារៈ​សំណង់​ សម្រាប់​សាង​សង់​ជម្រក​ស្នាក់​នៅ​បណ្តោះអាសន្ន​ ជូនគ្រួសារ​វីរ​យុទ្ធ​ជន​គ្មាន​ផ្ទះ​ស្នាក់នៅ​  នៅភូមិ​កប់​ថ្លុក​ ឃុំ​ដំរី​ស្លាប់​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​ ដែល​ស្វាមី​របស់​គាត់​កំពុង​ជាប់​ដៃ​បំពេញ​ភារកិច្ច​ការពារ​បូរណភាព​ទឹកដី​ នៅ​តំបន់​ព្រំដែន​កម្ពុជា​-ថៃ​។

មេបញ្ជាការ​តំបន់សឹក បាន​ឱ្យដឹងថា​ លោក​ស្រី​ កាន​ ឡឹង​ ​អាយុ​ ៣៥​ ឆ្នាំ​ មាន​កូន​តូច​ៗ​នៅ​ក្នុង​បន្ទុក​ចំនួន​ ៦​ នាក់​ ។កន្លង​មក​បាន​ទៅ​រស់នៅ​​ក្នុង​អង្គភាព​កង​ការ​ពារ​ព្រំដែន​កម្ពុជា​-ថៃ​ លេខ​ជាមួយស្វាមី រហូត​ដល់​ថ្ងៃ​ថៃ​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា​នៅ​តំបន់​មុំបី​ ទើបប្តីរបស់​គាត់​បាន​ឱ្យ​គាត់​មក​រស់​ជាមួយ​បងប្អូន​នៅ​ស្រុក​កំណើត​វិញ​ ដោយ​មាន​កូនប្រុស​ទើបតែបាន​អាយុ​៣​ ថ្ងៃ​ប៉ុណ្ណោះ​ ។ពេល​មក​ដល់​ភូមិ​កំណើត​ គាត់​មិន​មាន​ផ្ទះ​ស្នាក់​នៅ​ទេ​ ដោយ​សុំ​ផ្ទះ​បង​ប្អូន​ស្នាក់នៅ​បណ្តោះអាសន្ន​ ។

ឧត្ដមសេនីយ៍​​ សោម ស៊ុន បន្ត​ថា​ ដោយ​ទទួល​បាន​ព័ត៌មាន​ពី​ការ​លំបាក​​  លោកបាន​ចលនា​សប្បុរសជន​ និង​រៀបចំ​ស័ង្កសី​ដែល​ជាអំណោយរបស់​សម្តេច​​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​បណ្ឌិត រៀបចំសាងសង់​ជម្រក​ស្នាក់​នៅ​បណ្តោះអាសន្ន​ជូន​លោក​ស្រី​ កាន​ ឡឹង​ ឱ្យបាន​រួច​រាល់​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ​ ។ 

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ ក៏បានថ្លែងអំណរគុណ​ចំពោះ​បង​ប្អូន​លោក​ស្រី​កាន​ឡឹង​ និង​អាជ្ញា​ធរ​ដែនដី​ដែល​បាន​ផ្ដល់​ដី​ធ្លី​ជូន​គ្រួសារ​លោក​ស្រី​ កាន​ ឡឹង​ សាងសង់​ជម្រក​ស្នាក់​នៅ​បណ្តោះ អាសន្ននៅពេល​នេះ​ ៕


ដោយ៖​ប៊ុន​រដ្ឋា

ads banner