សម្ដេចក្រឡាហោម ស ខេង អញ្ជើញផ្ដល់រង្វាន់ម៉ូតូដល់សិស្សប្រឡងជាប់បាក់ឌុបនិទ្ទេសA ចំនួន ១៥៥នាក់ នៅខេត្តបាត់ដំបង
បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត និងជាតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់ម៉ូតូដល់សិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ចំនួន ១៥៥នាក់ នៅទូទាំងខេត្តបាត់ដំបង ។
ក្នុងពិធីដែលបានប្រព្រឹត្តទៅសាលមហោស្រពស្ទឹងសង្កែ នៃភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
កាលពីចុងសប្ដាហ៍នេះឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា ឆ្នាំ២០២៥នេះ បេក្ខជនប្រឡងបាក់ឌុបទទួលបាននិទ្ទេស A មានចំនួន ១៥៥នាក់ បើប្រៀបធៀបនឹងឆ្នាំ២០២៤ និទ្ទេស A កើន ២៥នាក់។
ឯកឧត្តមបានកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំមន្ទីរអប់រំ និងបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់។ជាពិសេសនាយក នាយិកា គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូទាំងអស់ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធនធាន ក្នុងការដឹកនាំនិងដំណើរការសាលារៀន និងការបង្រៀនក្នុងថ្នាក់ តាមគ្រប់រូបភាពរួមទាំងអាណាព្យាបាលសិស្សនិងការខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់សិស្ស ទើបទទួលបានលទ្ធផលល្អនាពេលនេះ។
ក្នុងឱកាសសំណេះសំណាលសម្តេចក្រឡាហោម ស ខេង បានរួមអបអរនិងកោតសរសើរដល់សិស្សដែលប្រឡងជាប់ទាំងអស់ ពិសេសសិស្សដែលទទួលបាននិទ្ទេសអេ ។សម្តេចក្រឡាហោមក៏បានលើកទឹកចិត្តដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏គួរជួបសំណេះសំណាលជាមួយសិស្ស ដែលប្រឡងធ្លាក់ ដើម្បីលើកទឹកចិត្ត និងអប់រំណែនាំឱ្យពួកគេបន្តការសិក្សា រៀនសូត្រ ដើម្បីប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ ក៏ជ្រើសយកនូវការសិក្សាថ្នាក់បរិញ្ញាបត្ររង ឬក៏ជ្រើសយកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ដែលរៀបចំដោយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីចាប់យកមុខជំនាញវិជ្ជាជីវៈណាមួយពិតប្រាកដ សម្រាប់បង្កើតការងារនិងប្រាក់ចំណូលផ្ទាល់ខ្លួន គ្រួសារ និងការចូលរួមអភិវឌ្ឍប្រទេសជាតិ៕







អត្ថបទ-រូបភាព៖អ៊ុក សំអាន បប.