គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-CAPTURE) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អ៊ីហ្គ័រ ឌ្រីសម៉ាន់ (Igor DRIESMANS) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំ កម្ពុជា និងលោក ដេហ្សេណេ តេហ្សេរ៉ា(Dejene TEZERA) ប្រធាននាយកដ្ឋាននៃអង្គការយូនីដូ(UNIDO) នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញ ក្នុងពិធីបិទបញ្ចប់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល(CAPFISH-CAPTURE)។

ស្ថិតក្រោមមូលបទ «បរិវត្តកម្មជលផលកម្ពុជាដើម្បីកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន» ឯកឧត្តមរដ្ឋមន្រ្តី បានអបអរសាទរនូវការអនុវត្តការងារគម្រោងពីមន្រ្តីជំនាញ និងដៃគូអភិវឌ្ឍន៍សហភាពអឺរ៉ុប ព្រមទាំងអង្គការយូនីដូ ដែលបានជំរុញតួអង្គពាក់ព័ន្ធទាំងអស់ក្នុងវិស័យជលផលកម្ពុជា ទទួលបាននូវចំណេះដឹង ចំណេះធ្វើក្នុងការកែច្នៃផលិតផលជលផលរួមមាន៖ ត្រីងៀត ប្រហុក ផ្អកជាដើម ប្រកបដោយគុណភាព សុវត្ថិភាព អនាម័យខ្ពស់ និងអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។

ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់តាមរយៈការអនុវត្តគម្រោងនេះ ដែលនាំឱ្យវិស័យឯកជនទទួលបានទីផ្សារផ្សារភ្ជាប់នឹងការផលិត ការកសាងទំនុកចិត្តជាមួយអ្នកប្រើប្រាស់ រក្សាបានការកែច្នៃតាមស្តង់ដាអន្តរជាតិ មានវិញ្ញាបនបត្រទទួលស្គាល់ច្បាស់លាស់ ជាពិសេសតម្លៃនៃភាពជាម្ចាស់ ការគិតគូរកែច្នៃម្ហូបដែលជាវប្បធម៌ខ្មែរ រក្សាបាននូវរសជាតិដើមប្រពៃណីខ្មែរ ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យអ្នកកែច្នៃទាំងអស់ពិចារណាធ្វើពិពិធកម្មមករកបរិបទថ្មី ដែលមានសក្តានុពល មានទីផ្សារល្អ ហើយសាកល្បងកែច្នៃនូវផលិតផលថ្មីៗថែមទៀត ដែលមានរសជាតិឆ្ងាញ់ មានភាពច្នៃប្រឌិត វេចខ្ចប់គិតគូរពីសុខភាពអ្នកប្រើប្រាស់ រក្សាបាននូវរសជាតិដើមប្រពៃណី ព្រមទាំងធានាអនាម័យ និងសុវត្ថិភាពជូនអតិថិជន។

ឯកឧត្តមរដ្ឋមន្រ្តី បានសំណូមពរដល់សាធារណជន ព្រមទាំងអ្នកប្រើប្រាស់ និងបរិភោគ បង្កើនការចូលរួមគាំទ្រផលិតផលក្នុងស្រុកដែលជាកត្តាសំខាន់ចាំបាច់ ជួយលើកទឹកចិត្តអ្នកផលិតក្នុងវិស័យជលផលឱ្យកាន់តែមានភាពច្នៃប្រឌិត លើកកម្ពស់ផលិតផលខ្មែរ រក្សាបាននូវការផលិតបែបគុណភាពខ្ពស់ សុវត្ថិភាព អនាម័យ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner