អ្នកស្រាវជ្រាវវេជ្ជសាស្ត្រ មកពីប្រទេសចិន មានបំណងវិនិយោគលើវិស័យឱសថ និងសុខាភិបាលនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានទទួលជួបគណៈប្រតិភូវិនិយោគមកពីសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយឯកឧត្តម សេង ញ៉ក់ សមាជិកសភា និង ជាតំណាងអ្នកវិនិយោគ ព្រមទាំងមានការចូលរួមដោយ ឯកឧត្តម សូ ហ្វង់ ទីប្រឹក្សាឯកឧត្តម អ៊ុច បូររិទ្ធ លោក យ៉ង លីវ ប្រធានក្រុមហ៊ុនShenzhen Jintong និងសាស្ត្រាចារ្យ ហ្សាង សូជី ប្រធានផ្នែកវិទ្យាសាស្ត្រ និងស្រាវជ្រាវវេជ្ជសាស្ត្ររួមជាមួយក្រុមការងារ ដោយមានគោលបំណងស្វែងយល់អំពី ឱកាសវិនិយោគលើវិស័យឱសថ និងសុខាភិបាលនៅកម្ពុជា ។

ឯកឧត្តម សេង ញ៉ក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកក្នុងការទទួលជំនួបនេះ។ ឯកឧត្តមបានជម្រាបថា គណៈប្រតិភូនាពេលនេះ ត្រូវបាននាំមកក្នុងគោលបំណងសិក្សាស្វែងយល់អំពីបរិបទ និងឱកាសវិនិយោគក្នុងវិស័យសុខាភិបាលនៅកម្ពុជា ជាផ្នែកមួយនៃការចូលរួមសហការរវាងរដ្ឋាភិបាលទាំងពីរ និងជួយលើកស្ទួយសេដ្ឋកិច្ចជាតិ។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងសុខាភិបាលសូមស្វាគមន៍ និងគាំទ្រជានិច្ចដល់កិច្ចសហប្រតិបត្តិការនានា និងការវិនិយោគក្នុងវិស័យសុខាភិបាល ដែលអនុវត្តដោយគោរពតាមនីតិវិធីច្បាប់ និងស្តង់ដារជាតិ និងអន្តរជាតិ ដើម្បីធានាបាននូវគុណភាពសេវាសុខាភិបាល និងសុវត្ថិភាពប្រជាពលរដ្ឋជាចម្បង៕

ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner