រុស្ស៊ី ថា ផែនការសន្តិភាពរបស់លោកត្រាំ មិនអាចបញ្ចប់ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន

មូស្គូ ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានអះអាង កាលពីថ្ងៃទី១៣ ខែតុលាថា ផែនការសន្តិភាព របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺល្អបំផុតសម្រាប់តំបន់ហ្គាហ្សា តែ មិនអាចបញ្ចប់ជម្លោះទាំងស្រុង រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បាននោះទេ។

យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន RT លោក Lavrov បាននិយាយប្រាប់អ្នកកាសែតអារ៉ាប់ ថា រុស្ស៊ីវាយតម្លៃ ម្តងហើយម្តងទៀតថា ការវិលមករកតុចរចា នៅពេលនេះ គឺចាំបាច់ណាស់ ក្នុងការបញ្ឈប់ការបង្ហូរឈាម ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន និង ដោះស្រាយបញ្ហាមនុស្សធម៌ដ៏ធ្ងន់ធ្ងរ នៅហ្គាហ្សា។ ទោះជាយ៉ាងណា លោករដ្ឋមន្ត្រី បានកត់សម្គាល់ថា បញ្ហាប៉ាឡេស្ទីន មិនត្រូវបានដោះស្រាយបានទេ ដោយបានសង្កត់ធ្ងន់ថា ផែនការរបស់លោក Trump ផ្តោតជាសំខាន់ទៅលើស្ថានភាព នៅតំបន់ Gaza ប៉ុន្តែ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាប្រទេសពីរ ក្នុងចំណោមប្រទេសទាំង១០ ដែលបានបដិសេធយ៉ាងដាច់អហង្ការ នូវដំណោះស្រាយរដ្ឋពីរ នៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីខែមុន។

លោក Lavrov បាននិយាយថា ដំណោះស្រាយដាច់ស្រេចក្នុងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន តម្រូវឱ្យមានការបង្កើតរដ្ឋប៉ាឡេស្ទីនតែមួយ និងរួមបញ្ចូលទឹកដី នៅក្នុងព្រំដែន ឆ្នាំ១៩៦៧ ស្របតាមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលពាក់ព័ន្ធ។ លោកបានបន្ថែមថា ទីក្រុងម៉ូស្គូនៅតែប្តេជ្ញាចិត្ត ចំពោះដំណោះស្រាយរដ្ឋពីរ នៅក្នុងវិបត្តិនេះ។

លោកបានបញ្ជាក់ថា តាមផែនការ របស់លោក Trump ការទទួលស្គាល់ការសម្រេចចិត្ត ដោយខ្លួនឯង និង ភាពជារដ្ឋ គឺជា “សេចក្តីប្រាថ្នា” របស់ប្រជាជនប៉ាឡេស្ទីន ប៉ុន្តែ គេចែងថា លក្ខខណ្ឌបង្កើតរដ្ឋប៉ាឡេស្ទីនបាន លុះត្រាទាល់តែតំបន់ Gaza មានការវិវឌ្ឍន៍ទៅមុខ ជាមួយនឹងកម្មវិធីកំណែទម្រង់ របស់អាជ្ញាធរប៉ាឡេស្ទីន ដែលត្រូវអនុវត្ត ដោយស្មោះត្រង់។

គួរបញ្ជាក់ថា មានប្រទេស១៥៧ប្រទេស ក្នុងចំណោម ១៩៣ ប្រទេស ដែលជាសមាជិករបស់អង្គការសហប្រជាជាតិ បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយ ម្តងហើយម្តងទៀតថា រដ្ឋប៉ាឡេស្ទីន «នឹងមិនកើតមានឡើងជាដាច់ខាត»។

គួរបញ្ជាក់ថា ក្រុមហាម៉ាស់ទើបតែបានដោះលែងចំណាប់ខ្មាំង ទាំង២០នាក់ ដែលនៅរស់រានមានជីវិត ហើយ អ៊ីស្រាអែលក៏បានចាប់ផ្តើមដោះលែងអ្នកទោស ប៉ាឡេស្ទីនចំនួន ២,០០០ នាក់ ដែលជាផ្នែកមួយ នៃផែនទីបង្ហាញផ្លូវ ចំនួន២០ចំណុច របស់លោក Trump ដើម្បីបញ្ចប់សង្រ្គាមហ្គាហ្សា៕

ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner