គណប្រតិភូ សហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ»
(ភ្នំពេញ)៖ គណប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចូលរួម និងថ្វាយកម្រងផ្កា នៅស្ថូបព្រះបរមរូបគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» ខួបលើកទី១៣ឆ្នាំ នៃទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ – ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ។
ទូលបង្គំយើងខ្ញុំជាកូនចៅ ចៅទួត ចៅលួត នៅតែចងចាំជានិច្ចរាល់ ស្នាព្រះហស្ថ ព្រះរាជបូជនីយកិច្ច និងគុណូបក្ការៈដ៏ធំធេង ខ្ពង់ខ្ពស់បំផុត នៃអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត ដែល ទ្រង់បានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពដែនដី ។
ពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ឡើងដើម្បីបង្ហាញនូវសេចក្តីគោរពស្រឡាញ់ ដែលពោរពេញទៅដោយភក្ដីភាពដ៏ជ្រាលជ្រៅមិនអាចកាត់ថ្លៃបាន របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ដែលព្រះអង្គបានបន្សល់ទុកនូវស្នាព្រះហស្ថជាច្រើន សម្រាប់ប្រទេសជាតិ និងប្រជារាស្រ្តរបស់ព្រះអង្គ ដែលក្នុងការទាមទាមបានឯករាជ្យទាំងស្រុង ពីអាណានិគមន៍និយមបារាំង និងការទាមទារនូវប្រាសាទព្រះវិហារខ្មែរមកវិញ ពីប្រទេសសៀម ព្រមទាំងការបង្រួបបង្រួមផ្សះផ្សាជាតិ និងបានកសាងសមិទ្ធផលធំៗជាច្រើនទៀត ។
គំរូវីរៈភាពរបស់ព្រះមហាវីរៈក្សត្រ នឹងធ្វើឱ្យយើងជាប្រជារាស្រ្ត ចងចាំជានិច្ចហើយនិងយកគម្រូតាម ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នឹងប្រឹងប្រែងកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យឡើងថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រជានុរាស្រ្ត មានជីវភាពកាន់តែល្អប្រសើរឡើង ។
គួររំលឹកផងដែរថា ៖ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» ព្រះអង្គបានប្រសូតនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ និងបានសោយទិវង្គត នៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ៕









អត្ថបទ ៖ ហេង វណ្ណា
រូបភាព ៖ គ្រី សម្បត្តិ