ប្រទេសជុំវិញពិភពលោកប្តេជ្ញាស្វែងរកមូលនិធិ ៧០ ពាន់លានដុល្លារកសាងហ្គាហ្សាឡើងវិញ

ហ្សឺណែវ ៖ រដ្ឋសមាជិកសហភាពអឺរ៉ុប និងអារ៉ាប់ រួមទាំងកាណាដា និងអាមេរិកបានប្តេជ្ញាចិត្តស្វែងរកមូលនិធិរហូតដល់ ៧០ពាន់លានដុល្លារ ដើម្បីជួយកសាងតំបន់ហ្គាហ្សាឡើងវិញ បន្ទាប់ពីសង្គ្រាមដ៏បង្ហួរឈាមជាងពីរឆ្នាំរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។

លោក Jaco Cilliers ដែលជាមន្ត្រីនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ បាននិយាយថា សង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងពួកហាម៉ាស់បានបង្កើតកំទេចកំទីថ្មអាគារយ៉ាងហោចណាស់ ៥៥តោនឯណោះ ដូច្នេះហើយការកសាងតំបន់ហ្គាហ្សាឡើងវិញទាំងស្រុង ប្រហែលជាត្រូវចាយពេលដល់ទៅរាប់ទសវត្សរ៍។

លោក Cilliers បានប្រាប់សន្និសិទសារព័ត៌មានថា យើងបានលឺដំណឹងវិជ្ជមានពីប្រទេសដៃគូមួយចំនួនរបស់យើង ក្នុងនោះរួមមានដៃគូអឺរ៉ុប និងកាណាដា ដែលបានប្រកាសប្តេជ្ញាជួយកសាងតំបន់ហ្គាហ្សាឡើងវិញ ហើយបញ្ហានេះក៏កំពុងពិភាក្សាជាមួយដៃគូអាមេរិកផងដែរ។

តំបន់ហ្គាហ្សាដ៏ធំសម្បើមបានប្រែក្លាយទៅជាវាលរហោឋាន ដោយសារតែការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលក្នុងពេលពីរឆ្នាំ ដែលបានសម្លាប់មនុស្សប្រហែល ៦៨,០០០នាក់ នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរសុខាភិបាលហ្គាហ្សា។

ហើយប្រតិបត្តិការយោធាអ៊ីស្រាអែលនៅហ្គាហ្សា ធ្វើឡើងបន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់បើកការវាយប្រហារដ៏ភ្ញាក់ផ្អើលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ សម្លាប់មនុស្សប្រមាណ ១,២០០នាក់ និងចាប់ជំរិតមនុសចំនួន ២៥១នាក់ធ្វើចំណាប់ខ្មាំង។

ក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅរស់រានមានជីវិតចុងក្រោយចេញពីកន្លែងឃុំខ្លួននៅហ្គាហ្សា កាលពីថ្ងៃទី១៣ ខែតុលា ស្ថិតក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ ខណៈអ៊ីស្រាអែលក៏បានដោះលែងអ្នកទោសប៉ាឡេស្ទីនត្រឡប់ទៅផ្ទះវិញផងដែរ ស្របពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សង្គ្រាមហ្គាហ្សាបានបញ្ចប់ហើយ៕

ប្រភព ៖ The Strait Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner