រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ខួបគម្រប់ ១៣ឆ្នាំ
កំពង់ឆ្នាំង៖រដ្ឋបាលខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ បានប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ខួបគម្រប់ ១៣ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៥) នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តម លោកជំទាវអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង សមាជិកព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធចំណុះរដ្ឋបាល។

ការយាងចូលទីវង្គតរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ គឺជាការបាត់មហាក្សត្រមួយព្រះអង្គ ដ៏ឆ្នើមបំផុតរបស់ព្រះរាជាណាចក្រកម្ពុជាដែលជាព្រះបិតាឯករាជ្យជាតិ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានបូជាព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិបូរណភាពទឹកដី ផ្សះផ្សាជាតិ បង្រួប
បង្រួមជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ ៕
ដោយ៖សុខ គឹមសៀន


