ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនជម្រាបជូនប្រធានរដ្ឋសភាជប៉ុននូវជំហររដ្ឋាភិបាលកម្ពុជាក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព និងចង់បានព្រំដែនមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាមួយប្រទេសជិតខាង
ភ្នំពេញ៖ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានជម្រាបជូនឯកឧត្តម NUKAGA Fukushiro ប្រធានរដ្ឋសភាជប៉ុន នូវជំហររដ្ឋាភិបាលកម្ពុជាក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព និងចង់បានព្រំដែនមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាមួយប្រទេសជិតខាង សារៈសំខាន់នៃការធានាការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធិភាពលើលក្ខខ័ណ្ឌបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងអស់ និងបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ រួមទាំងប្រទេសជប៉ុន បន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការរក្សាសន្តិភាព បង្កើនស្ថិរភាពតំបន់ និងគោរពតាមគោលការណ៍នៃសហប្រតិបត្តិការអន្តរជាតិ។
ការជម្រាបជូនអំពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ នៅក្នុងឱកាសឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលជួបសម្តែងការគួរសម និងជម្រាបលា ឯកឧត្តម NUKAGA Fukushiro ប្រធានរដ្ឋសភាជប៉ុន នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។
ឯកឧត្តមឯកអគ្គរាជទូត បានលើកឡើងនូវចំណុចសំខាន់ៗ ដូចជា ១) បានសម្តែងការអបអរសាទរយ៉ាងក្លៀវក្លាដល់រដ្ឋាភិបាលជប៉ុនចំពោះជោគជ័យដ៏ធំធេង ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកឆ្នាំ២០២៥ នៅទីក្រុងអូសាកា ២)បានសម្តែងការអបអរសាទរខួបលើកទី៦០ នៃការបញ្ជូនអ្នកស្ម័គ្រចិត្តជប៉ុន សម្រាប់កិច្ចសហប្រតិបត្តិការក្រៅប្រទេស ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ សាមគ្គីភាពអន្តរជាតិ និងការចូលរួមចំណែកដ៏មានអត្តន័យចំពោះការអភិវឌ្ឍប្រកបដោយចិរភាពនៅទូទាំងពិភពលោក ៣)បានរំលឹកឡើងវិញនូវទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ដែលត្រូវបានដំឡើងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ២០២៣ ដែលជាកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរបស់ប្រទេសទាំំងពីរ និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យជាច្រើន ដែលត្រូវបានបន្តពង្រឹង និងពង្រីកកាន់តែរឹងមាំ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងញឹកញាប់ ជាពិសេសការអញ្ជើញមកបំពេញទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុនកាលពីចុងខែឧសភា ឆ្នាំ២០២៥ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ៤) បានរំលឺកឡើងវិញពីការពិភាក្សាប្រកបដោយអត្ថន័យ និងខ្លឹមសាររវាងសម្តេចធិបតី និងឯកឧត្តមប្រធានរដ្ឋសភា កាលពីថ្ងៃទី៣០ ខែឧសភាក្នុងឆ្នាំនេះ ៥) បានបញ្ជាក់ជាថ្មីនូវការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រដ្ឋាភិបាលកម្ពុជា ចំពោះទំនាក់ទំនងជាមួយប្រទេសជប៉ុន ដើម្បីផលប្រយោជន៍រួមរបស់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ ៦) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមចំណែកដល់ដំណើរស្វែងរកសន្តិភាព និងការផ្តល់ជំនួយអភិវឌ្ឍផ្លូវការ (ODA) ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក៏ដូចជាការគាំទ្រលើកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ និងជំនួយសង្គ្រោះបន្ទាន់ឥតសំណងប្រមាណ ១,៨លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់សម្រាប់ជនភៀសសឹកកម្ពុជានៅតាមព្រំដែនកម្ពុជា-ថៃ និង ៧) បានជម្រាបជូននូវជំហររដ្ឋាភិបាលកម្ពុជាក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាពនិងចង់បានព្រំដែនមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាមួយប្រទេសជិតខាង, សារៈសំខាន់នៃការធានាការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធិភាពលើលក្ខខ័ណ្ឌបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងអស់ និងបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ រួមទាំងប្រទេសជប៉ុន បន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការរក្សាសន្តិភាព បង្កើនស្ថិរភាពតំបន់ និងគោរពតាមគោលការណ៍នៃសហប្រតិបត្តិការអន្តរជាតិ។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានរដ្ឋសភា បានមានប្រសាសន៍ថា៖ ១) បានចាត់ទុកកម្ពុជាជាប្រទេសដ៏មានសារៈសំខាន់របស់ជប៉ុន បើធៀបនឹងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន ២)បាន វាយតម្លៃខ្ពស់ពីភាពរីកចម្រើនទៅមុខយ៉ាងខ្លាំងនៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើលើវិស័យជាច្រើននៃប្រទេសទាំងពីរដែលត្រូវបានដំឡើងទៅជា “ភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ដ៏មានន័យយ៉ាងជ្រាលជ្រៅ កាលពីឆ្នាំ២០២៣ ក្នុងឱកាសខួបលើកទី៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត និង ៣) បានអរគុណ និងកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងដ៏ច្រើនក្នុងអាណត្តិការងារការទូតរបស់ ឯកឧត្តមឯកអគ្គរាជទូត ក្នុងការពូនជ្រុំនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរដែលរីកចម្រើនជាលំដាប់នេះ៕
ដោយ៖ពលជ័យ
រូបភាព៖ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន




