សិក្ខាកាម ២៥នាក់បញ្ចប់វគ្គគ្រូបង្វឹកកីឡាហុកគីកម្រិត ១ដោយជោគជ័យ

(ភ្នំពេញ)៖ សិក្ខាកាមដែលជាគ្រូបង្វឹក កីឡាករកីឡាការិនីជម្រើសជាតិ និងអតីតជម្រើសជាតិកីឡាហុកគីចំនួន២៥នាក់ បានបញ្ចប់វគ្គគ្រូបង្វឹកកីឡាហុកគីកម្រិតមួយ ដោយជោគជ័យ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលអស់រយៈពេល៥ថ្ងៃ ពីគ្រូឧទ្ទេសអន្តរជាតិលោក Tahir Zaman គ្រូបង្វឹកមកពីសហព័ន្ធកីឡាហុកគីអន្តរជាតិ ជនជាតិប៉ាគីស្ថាន។

លោក កាំង សុធា អគ្គលេខាធិការ សហព័ន្ធកីឡាហុកគីកម្ពុជា បានថ្លែងរំលេចថា វគ្គបណ្តុះបណ្តាលដែលបានដំណើរការអស់រយៈពេល៥ថ្ងៃកន្លងមកនេះ សិក្ខាកាមទាំងអស់បានយកចិត្តទុកដាក់ក្រេបយកចំណេះដឹងយ៉ាងខ្លាំង ទាំងការអនុវត្តផ្ទាល់ និងការសិក្សាទ្រឹស្តី ដើម្បីនាំយកទៅចែករំលែកដល់មូលដ្ឋាន។

អគ្គលេខាធិការរូបនេះ អះអាងថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ ក្នុងការលើកកម្ពស់សមត្ថភាពធនធានមនុស្សលើផ្នែកកីឡា ហុកគី ពីព្រោះគ្រូបង្វឹកជាអ្នកសាបព្រោះនូវចំណេះដឹង ចំណេះបច្ចេកទេសដល់សិស្សរបស់ខ្លួន ដើម្បីញុំាងកីឡាហុកគី កាន់តែនិយមក្នុងស្រទាប់យុវវ័យ និងវ័យផ្សេងទៀត នៅមូលដ្ឋាន ។

ឯកឧត្តម តែម ម៉ឺន អនុប្រធាន គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា បានមាសប្រសាសន៍ដែរថា ចំណេះដឹងដែលសិក្ខាកាមយើងទទួលបានពីវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាហុកគីកម្រិត១នេះ គឺជាការលើកកម្ពស់ចំណេះដឹងមួយកម្រិតទៀតដល់គ្រូបង្វឹករបស់យើង។

ទន្ទឹមជាមួយគ្នានោះ ឯកឧត្តម អនុប្រធាន គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ក៏បានចែករំលែកដល់សិក្ខាកាម ដើម្បីក្លាយខ្លួនជាគ្រូបង្វឹកលំដាប់ជាតិនិងអន្តរជាតិនាពេលខាងមុខ ទី១.ត្រូវពង្រឹងការអប់រំគ្រូខ្លួនឯងជាមុនសិន មានន័យថា ពង្រឹងខ្លួនឯងឱ្យមានភាពរឹងមាំ មានវិន័យ មានក្រមសីលធម៌ មានសមត្ថភាពការងារ ជាមនុស្សយល់ដឹងមានសមត្ថភាពការងារ ជាមនុស្សយល់ដឹងអំពីតួនាទីជាគ្រូបង្វឹក និងជាបុគ្គលគំរូមានទស្សនៈគ្រប់ជ្រុងជ្រោយ។ទី២.គ្រូបង្វឹកត្រូវយកចំណេះដឹងជាពុទ្ធិថ្មីដែលយើងបានទទួលពីវគ្គនេះទៅបង្ហាត់បណ្តុះបណ្តាលដើម្បីបង្កើតធនធានកីឡាហុកគីយើងឱ្យមានចំនួនកាន់តែច្រើន ដើម្បីគុណភាពប្រកួតប្រជែងលើឆាកអន្តរជាតិនាពេលខាងមុខនេះ។

សូមបញ្ជាក់ថា វគ្គគ្រូបង្វឹកកីឡាហុកគីកម្រិតមួយមាន សិក្ខាកាមចូលរួមចំនួន២៥នាក់ ក្នុងនោះនារីមាន១៣រូបមកពីក្លិប និងសមាគមចំនួន៤រួម មាន មូលដ្ឋាននៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តសៀមរាប ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner