អាមេរិកជំរុញសម្ព័ន្ធមិត្តសម្រុកទិញសព្វាវុធខ្លួនជួយដល់អ៊ុយក្រែន
ព្រុចសែល ៖ រដ្ឋមន្រ្តីសង្គ្រាមអាមេរិក លោក Pete Hegseth កាលពីថ្ងៃពុធ បានទទូចឱ្យរដ្ឋសម្ព័ន្ធមិត្តណាតូបង្កើនការជះលុយទិញសព្វាវុធពីអាមេរិកយកទៅជួយដល់អ៊ុយក្រែន បន្ទាប់ពីមានរបាយការណ៍ថា ការគាំទ្រផ្នែកយោធាសម្រាប់ទីក្រុងកៀវបានធ្លាក់ចុះខ្លាំងអំឡុងខែកក្កដា និងសីហា។
ប្រមុខការពារជាតិអាមេរិករូបនេះបានប្រាប់អ្នកសារព័ត៌មានមុនកិច្ចប្រជុំអង្គការណាតូនៅទីក្រុងព្រុចសែល យ៉ាងដូច្នេះថា អ្នកនឹងមានសន្តិភាព នៅពេលដែលអ្នករឹងមាំ ហើយអ្នកនឹងទទួលបានវា នៅពេលដែលអ្នករឹងមាំ និងមានសមត្ថភាពពិតប្រាកដ នោះសត្រូវនឹងកោតខ្លាចយើងជាក់ជាមិនខាន។
ក្នុងន័យនេះ លោក Hegseth បានជំរុញឱ្យសម្ព័ន្ធមិត្តបង្កើនការចំណាយថែមទៀត ដោយផ្តល់អទិភាពលើការបញ្ជទិញសព្វាវុធជួយដល់អ៊ុយក្រែន ជំនួសឱ្យការបញ្ជូនសព្វាវុធអាមេរិកដោយផ្ទាល់ទៅកាន់ទីក្រុងកៀវ ដូច្នេះក្នុងកាលៈទេសៈនេះ ទាមទារឱ្យសម្ព័ន្ធមិត្តត្រូវតែជះលុយទិញអាវុធពីអាមេរិក ទើបអាចនាំយកសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនឈានដល់ទីបញ្ចប់។
ជាមួយគ្នានេះ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានរំពឹងថា នឹងមានកញ្ចប់ថវិការហូតដល់ ២ពាន់លានដុល្លារសម្រាប់ជួយដល់អ៊ុយក្រែន ប៉ុន្តែតួលេខនេះខុសគ្នាខ្លាំង ដោយលោកប្រធានាធិបតិ Volodymyr Zelensky បានរំពឹងខ្ពស់ថា នឹងប្រមូលបានដល់ទៅ ៣.៥ពាន់លានដុល្លារនៅក្នុងខែតុលានេះ។
យោងតាមវិទ្យាស្ថាន Kiel ដែលស្រាវជ្រាវផ្នែកសេដ្ឋកិច្ចពិភពលោក បានឱ្យដឹងកាលពីថ្ងៃទី១៤ ខែតុលាថា ជំនួយយោធាជួយដល់អ៊ុយក្រែនបានធ្លាក់ចុះយ៉ាងគំហុកដល់ទៅ ៤៣ភាគរយនៅក្នុងខែកក្កដា និងខែសីហា បើធៀបនឹងឆមាសទីមួយនៃឆ្នាំ ២០២៥៕


ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា