កម្ពុជា មិនត្រូវការពឹងពាក់ប្រទេសជិតខាងណាមួយ មកធ្វើការងារ ដោះស្រាយបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឆ្លើយតបនឹងបណ្តាញសារព័ត៌មាន របស់ប្រទេសជិតខាងមួយថា កម្ពុជា មិនត្រូវការពឹងពាក់ប្រទេសជិតខាងណាមួយ មកធ្វើការងារ ដោះស្រាយបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈ កម្ពុជា និងកូរ៉េ មានសមត្ថភាពគ្រប់គ្រាន់ដោះស្រាយការងារនេះ ។ សម្ដេចធិបតី បានបញ្ជាក់ដូច្នេះលើបណ្ដាញសង្គមនារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា នៅថ្ងៃនេះ សម្ដេច បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ គីម ជីណា អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ ។ ទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលត្រូវបានភ្ជាប់ឡើងវិញ នៅឆ្នាំ១៩៩៧ និងត្រូវបានដំឡើងកម្រិតដល់ភាពជាដៃគូយុទ្ធសាស្ត្រ នៅឆ្នាំ២០២៤ កាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ ជាមួយនឹងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើន គួរឱ្យកត់សម្គាល់ស្ទើរគ្រប់វិស័យ ។

សម្ដេចធិបតីបន្តថា យើងក៏បានពិភាក្សាគ្នា ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក រវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរកូរ៉េ ហើយដែលបានសម្រេចនូវលទ្ធផលល្អ ជាផ្លែផ្កាជាច្រើនរួចមកហើយ ។ ក្នុងពេលជាមួយគ្នា, កម្ពុជា និងកូរ៉េ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីបង្ការ, ទប់ស្កាត់ និងប្រយុទ្ធប្រឆាំង នឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា, ការពារសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។

សម្ដេចធិបតី បានបន្ថែមថា ប៉ុន្មានថ្ងៃនេះ, បណ្តាញសារព័ត៌មានរបស់ប្រទេសជិតខាងមួយ បានផ្សាយថា មេដឹកនាំរបស់គេមានគម្រោងពិភាក្សាជាមួយឯកឧត្តមប្រធានាធិបតីកូរ៉េ ដើម្បីរកវិធីដោះស្រាយបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ដែលពាក់ព័ន្ធនឹងជនជាតិកូរ៉េ។

សម្ដេច ហ៊ុន ម៉ាណែត បានជម្រាបជូនលោកជំទាវ គីម ជីណា ថា ប្រសិនករណីនេះជាការពិត ខ្ញុំសូមឱ្យលោកជំទាវ ជម្រាបជូនឯកឧត្តម ប្រធានាធិបតីកូរ៉េថា កម្ពុជា មិនត្រូវការពឹងពាក់ប្រទេសជិតខាងណាមួយ មកធ្វើការងារនេះជំនួសកម្ពុជាឡើយ ហើយមេដឹកនាំប្រទេសនោះ គួរផ្តោតលើការដោះស្រាយបញ្ហាផ្ទៃក្នុងប្រទេសរបស់ខ្លួនឱ្យបានល្អទៅ ។

សម្ដេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ លើបញ្ហាប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រទេសយើងទាំងពីរ មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ក្នុងកិច្ចសហការទ្វេភាគី ដើម្បីដោះស្រាយបញ្ហា និងមិនចាំបាច់មានអ្នកទីបីមកជួយជំរុញនោះទេ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner