អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ខ្សែព្រំដែនដែនកម្ពុជា និង ថៃគឺជាព្រំដែនអន្តរជាតិ ដែលត្រូវបានកំណត់ដោយអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ
(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា៖ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ បណ្តាញសារព័ត៌មានថៃមួយចំនួនបានចេញផ្សាយ ដោយស្រង់សម្តីមន្ត្រីយោធាថៃ ដែលអះអាងថា «កន្លែងដែលទាហានថៃបានជាន់ គឺជាទឹកដីរបស់ថៃ»។ ការអះអាងបែបនេះ សំដៅលើដីនៅ ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលពួកគេបានដាក់របងលួសបន្លា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ដោយបានឈូសឆាយ និងរាវមីននៅទីនោះជាឯកតោភាគី។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ព្រំដែនកម្ពុជា និង ថៃគឺជាព្រំដែនអន្តរជាតិរវាងរដ្ឋ និង រដ្ឋ ដែលត្រូវបានកំណត់ដោយអនុសញ្ញាឆ្នាំ១៩០៤ និង សន្ធិសញ្ញាឆ្នាំ១៩០៧ ព្រមទាំងផែនទីខ្នាត ១/២០០ ០០០ និង មានបង្គោលព្រំដែនចំនួន ៧៤បង្គោល ដែលត្រូវបានបោះកាលពីជាង ១០០ឆ្នាំមុន។ ខ្សែព្រំដែននេះមានតម្លៃផ្លូវច្បាប់ រឹងមាំដែលត្រូវបានការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដែលមិនអាចត្រូវបានកែប្រែ ជាឯកតោភាគីដោយភាគីណាមួយបានឡើយ ។
ជាមួយគ្នានេះអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ដែរថា គណៈកម្មការចម្រុះព្រំដែន (JBC) ដែលបានព្រមព្រៀង រវាងប្រទេសទាំងពីរ (កម្ពុជា-ថៃ) មានសមត្ថកិច្ចក្នុងការវាស់វែង និងកំណត់ខណ្ឌសីមារវាងប្រទេសទាំងពីរ។ ក្នុងពេលរង់ចាំការវាស់វែង និងការកំណត់ខណ្ឌសីមារបស់ JBC កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ដោយផ្អែកលើសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយរវាងប្រទេសទាំងពីរ ព្រមទាំងច្បាប់អន្តរជាតិជាធរមាន។ កម្ពុជាសូមទាមទារឱ្យភាគីថៃគោរពនូវអ្វីដែលបានព្រមព្រៀងគ្នា ដោយទុកឱ្យ JBC ប្រជុំដោះស្រាយបញ្ហា ខណ្ឌសីមា ចៀសវាងការធ្វើសកម្មភាពបង្កហេតុណាមួយ ដែលនាំទៅដល់ការពង្រីកវិសាលភាពនៃទំនាស់។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងដោយបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់គោលជំហរយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ដោយមិនទទួលយក ជាដាច់ខាតនូវការប្រកាសជាឯកតោភាគីរបស់យោធាថៃ ពីព្រោះយោធាគ្មានសមត្ថកិច្ចក្នុងការសម្រេចអំពីខណ្ឌសីមា របស់ប្រទេសនោះឡើយ ហើយការប្រកាសបែបនេះក៏គ្មានតម្លៃគតិយុត្តនោះដែរ។
ទោះជារដ្ឋាភិបាលកម្ពុជាសម្តែងការអត់ធ្មត់ក្នុងអំឡុងពេលអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីចៀសវាងការផ្ទុះអាវុធដែលអាច បង្កមហន្តរាយធំធេងដល់ប្រទេសជាតិ និង ប្រជាជនទាំងសងខាង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា មិនបោះបង់សិទ្ធិ ក្នុងការទាមទារដែនអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន ស្របតាមអនុសញ្ញា សន្ធិសញ្ញា និង ច្បាប់អន្តរជាតិឡើយ ៕
ដោយ ៖ ម៉ាដេប៉ូ ,លីដា