រដ្ឋបាលខេត្តសៀមរាបអបអរការសម្ពោធអគារសិក្សាថ្មីនៃសាលារៀនអន្តរជាតិសៀមរាប

សៀមរាប​៖សាលារៀនអន្តរជាតិសៀមរាប (International School of Siem Reap)បានសម្ពោធអគារសិក្សាថ្មី ផ្នែក​វិទ្យាល័យរបស់ខ្លួន​កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានចូលរួមពី​លោកស្រី ម៉ននី រងី្ស អភិបាល​រង​ខេត្តសៀមរាប ។

ក្នុងឱកាសនេះលោកស្រីអភិបាលរងខេត្តបានចាត់ទុកការសម្ពោធអគារសិក្សាថ្មីផ្នែកវិទ្យាល័យ របស់ International School of Siem Reap នៅពេលនេះនឹងជំរុញឱ្យសាលាអាចសម្រេចបាននូវ​ចក្ខុវិស័យ​របស់ខ្លួន គឺការជំរុញ និងលើក​ទឹកចិត្តឱ្យសិស្សានុសិស្សស្រឡាញ់ការ​សិក្សាពេញមួយជីវិត និងក្លាយជាពលរដ្ឋសកលដែលមានទំនួលខុស​ត្រូវខ្ពស់។

លោកស្រីបន្តថា ការកសាងធនធានមនុស្សរបស់ខេត្តសៀមរាប ចាំបាច់ត្រូវតែផ្តោតលើការបណ្តុះបណ្តាលជំនាញ​ច្បាស់លាស់ ដែលអាចបំពេញតម្រូវការការងារក្នុងតំបន់ដូចជា ជំនាញ​បច្ចេកវិទ្យា​ឌីជីថល និងភាសាបរទេស ដែលជា​មូលដ្ឋានគ្រឹះក្នុងការបម្រើ​ការងារ​ក្នុងវិស័យទេសចរណ៍ និងសេដ្ឋកិច្ចសកល ។ រដ្ឋបាលខេត្តសៀមរាប ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តផ្តល់ការគាំទ្រ និងសម្របសម្រួល​ដល់​វិស័យឯកជន ចូលរួមវិនិយោគក្នុងវិស័យអប់រំ។

ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភព​អង់គ្លេសប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះ​វិស័យ​អប់រំនៅកម្ពុជា លើការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់ ។

លោក Neville Turner អគ្គនាយកសាលា International School of Siem Reap បានបញ្ជាក់ថា អគារសិក្សាថ្មី​នេះមានថ្នាក់រៀនរហូតដល់ទៅ៦០បន្ទប់ ដែលមានរួម​បញ្ចូលទាំងបន្ទប់ពិសោធន៍វិទ្យាសាស្ត្រ និងបន្ទប់ប្រឡងដែល​ស្របទៅនឹងស្តង់ដារគុណភាព និងសុវត្ថិភាពនៃការប្រឡង​អន្តរជាតិខេមប្រ៊ីដ គឺពិតជាបានឆ្លើយតបទៅ​នឹងតម្រូវការ​ជាក់ស្តែងគឺការធានាគុណភាពបង្រៀន និងរៀន ៕
ដោយ៖ប៊ុន រដ្ឋា

ads banner