លោក សារិន វណ្ណា ៖ ទំនើបកម្មសេវាសាធារណៈតាមប្រព័ន្ធអនឡាញ ផ្តល់ភាពងាយស្រួល និងឆាប់រហ័ស ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ

(ភ្នំពេញ)៖ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានលើកឡើងថា ការធ្វើបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មសេវាសាធារណៈតាម ប្រព័ន្ធអនឡាញ ក្នុងគោលបំណងផ្តល់សេវាសាធារណៈឱ្យដល់ដៃប្រជាពលរដ្ឋ មានភាពងាយស្រួល និងឆាប់រហ័ស ជាសេវាគាប់ចិត្តសម្រាប់គ្រប់គ្នា ហើយដើម្បីបង្កើនបន្ថែមនូវចំណូលថវិកាជាតិផងដែរ ។

ក្នុងពិធីបូកសរុបលទ្ធផលអនុវត្តការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ លោក សារិន វណ្ណា បានឲ្យដឹងថា ការងារផ្ដល់សេវាសាធារណៈតាមយន្តការច្រកចេញចូលតែមួយ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងវិស័យសុរិយោដី និងសំណង់ ក្នុងរយៈពេលមួយឆ្នាំដំបូង នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលគិតចាប់ពីខែតុលា ឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្ន មន្ទីរបានផ្ដល់សេវាចំនួនជាង ៦ម៉ឺនឯកសារ ទទួលបានចំណូលជាង ហុកសិបប្រាំប៊ីលានរៀល ។

ដោយឡែកក្នុងឆ្នាំ២០២៥នេះ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធវិញ គឺប្រមូលទិន្នន័យក្បាលដីបាន ៤៦៩,៨៥១ក្បាលដី, ចែកប័ណ្ណបានចំនួន ៣២២,៣០០ប័ណ្ណ និងបានចុះវាស់វែងផ្ដល់កម្មសិទ្ធិដីប្រទានកម្មរបស់រដ្ឋជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបានចំនួន ៤៤ទីតាំង មានក្បាលដីសរុបចំនួន ១៥,៤៧៣ក្បាលដី ។

លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងរបស់មន្រ្តីមន្ទីរទាំងអស់ ព្រមទាំងណែនាំត្រូវពង្រឹងការគ្រប់គ្រងវិស័យសំណង់ ចាត់វិធានការតឹងរឹង ក្នុងការត្រួតពិនិត្យ និងទប់ស្កាត់ការសាងសង់រំលោភលើដីសាធារណៈរបស់រដ្ឋ និងការសាងសង់គ្មានលិខិតអនុញ្ញាត ការសាងសង់ខុសលិខិតអនុញ្ញាត ដើម្បីចៀសវាងការប៉ះពាល់ដល់សោភ័ណភាព សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងបរិស្ថាន ។ មួយវិញទៀតសូមជួយពន្លឿនការដោះស្រាយវិវាទដីធ្លី ដែលនៅសេសសល់ ។

ថ្លែងក្នុងពិធីបិទ ឯកឧត្តម ទា ច័ន្ទលីដា អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនៃរដ្ឋបាលរាជធានីភ្នំពេញ រួមទាំងសហការីនៅតាមមន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ បំពេញការងារប្រកបដោយជោគជ័យ ពិសេសរហូតសម្រេចបានសមិទ្ធផលគួរឲ្យកត់សម្គាល់លើការងារចុះបញ្ជីដីធ្លី ការងារដោះស្រាយវិវាទដី ធ្លី ការងារដោះស្រាយបុរី និងការផ្តល់សេវាសំណង់ ដែលជាការរួមចំណែកយ៉ាងក្នុងការគាំទ្រគោលនយោបាយ និងក្នុងកំណែទម្រង់ស៊ីជម្រៅលើវិស័យដីធ្លី និងសំណង់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមការដឹកនាំរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចូលរួមចំណែកយ៉ាងសកម្ម ដើម្បីធ្វើឱ្យសម្រេចនូវគោលដៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នេះ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រ និង វិធានការជាច្រើន ដើម្បីអនុវត្តបេសកម្មចំបងៗរបស់ក្រសួង ៕

អត្ថបទ ៖ ហេង វណ្ណា
រូបភាព ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner