លោក Netanyahu ចង់ដឹកនាំប្រទេសអ៊ីស្រាអែល ១អាណត្តិទៀត

ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រី ដែលកាន់អំណាចយូរបំផុត របស់ប្រទេស អ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា លោកនឹងស្វែងរកអាណត្តិមួយទៀត នៅក្នុងការបោះឆ្នោតសភា នាខែវិច្ឆិកា ឆ្នាំ២០២៦។

នៅក្នុងបទសម្ភាសន៍ ជាមួយប៉ុស្តិ៍លេខ ១៤ របស់អ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ នាយករដ្ឋមន្ត្រីរូបនេះ បានបញ្ជាក់ថា លោកមានបំណងស្វែងរកអាណត្តិមួយទៀត ដោយបន្ថែមថា លោករំពឹងថា នឹងឈ្នះ។

មេដឹកនាំ នៃ គណបក្សស្តាំនិយម Likud ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រី ពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ១៩៩៩ និងឆ្នាំ ២០០៩ ដល់ឆ្នាំ ២០២១។ លោកបានត្រលប់មកកាន់តំណែង ក្នុងខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីការដួលរលំ នៃសម្ព័ន្ធ ដែលកំពុងកាន់អំណាច។

លោក Netanyahu បានអះអាងថា លោកគឺជា “មនុស្សតែម្នាក់គត់ ដែលអាចរក្សាសុវត្ថិភាពអ៊ីស្រាអែល” ហើយ បានអួតអំពីទំនាក់ទំនងជិតស្និទ្ធ របស់លោក ជាមួយប្រធានាធិបតីអាមេរិក Donald Trump ។ លោកបានប្រកាន់ជំហររឹងរូស លើក្រុមហាម៉ាស និងបានផ្តួចផ្តើមសង្រ្គាមផ្លូវអាកាស រយៈពេល ១២ ថ្ងៃ ជាមួយអ៊ីរ៉ង់ ក្នុងខែមិថុនា។

បច្ចុប្បន្ន លោកនាយករដ្ឋមន្ត្រីរូបនេះ កំពុងជាប់ពាក់ព័ន្ធក្នុងសំណុំរឿងពុករលួយ ចំនួនបី ដែលក្នុងនោះ លោកបដិសេធរាល់ការប្រព្រឹត្តខុស។ លោកក៏បានព្យាយាមកំណត់អំណាចតុលាការកំពូលរបស់អ៊ីស្រាអែល ដែលបង្កឱ្យមានការតវ៉ាដ៏ធំ។

ការស្ទង់មតិរបស់ Channel 12 ដែលបានចេញផ្សាយ នៅសប្តាហ៍នេះ បង្ហាញថា បក្ស Likud នឹងឈ្នះ ៧២ អាសនៈ ប្រសិនបើការបោះឆ្នោត ត្រូវប្រារព្ធឡើង ។ ការកើនឡើង នៃប្រជាប្រិយភាព បន្ទាប់ពីបទឈប់បាញ់អន្តរជាតិ ជាមួយក្រុមហាម៉ាស និងការដោះលែងចំណាប់ខ្មាំងដែលនៅសល់៕

ប្រភពពី RT ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner