ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ជឿជាក់ថា កម្ពុជាមានភាពម្ចាស់ការលើការផលិតសម្ភារសំណង់

(កំពង់ស្ពឺ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជឿជាក់ថាកម្ពុជាមានភាពម្ចាស់ការលើការផលិតសម្ភារសំណង់ គុណភាព សុវត្ថិភាព និងដង្ហើមសេដ្ឋកិច្ចលើវិស័យសំណង់ ។

នេះជាប្រសាសន៍លើកឡើងក្នុងឱកាសឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ដឹកនាំគណប្រតិភូចុះទស្សនកិច្ចរោងចក្រផលិតដែក ឆាយណា កាង ធៀ ស្ទីល ឯ.ក ស្ថិតក្នុងភូមិសាយ៉ាវ ឃុំព្រះនិពាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ។
គណប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមការងារទទួលបន្ទុកផែនសំណង់ បានចុះពិនិត្យទីតាំងរោងចក្រផលិតដែកសរសៃ និងបានជួបពិភាក្សាជាមួយដៃគូឯកជន ក្នុងគោលបំណងសិក្សាពីផលិតភាព គុណភាព សុវត្ថិភាព បច្ចេកវិទ្យា និងស្តង់ដារនានា ដែលរោងចក្រ បាននិងកំពុងអនុវត្តនៅក្នុងសង្វាក់ផលិតកម្មដែកសរសៃក្នុងស្រុក ។

ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំក្រសួង ក៏បានពិភាក្សាអំពីសមត្ថភាពរបស់រោងចក្រក្នុងការផ្គត់ផ្គង់ និងតម្រូវការទីផ្សារជាក់ស្តែងរបស់កម្ពុជា ក៏ដូចជាកិច្ចសហការនានា ដើម្បីធានាដំណើរការប្រតិបត្តិការរបស់វិស័យឯកជនក្នុងវិស័យសំណង់ និងរក្សាឱ្យបាននូវលំនឹងនៃដង្ហើមសេដ្ឋកិច្ចលើវិស័យសំណង់នេះ ។

តាមរយៈ ការចុះផ្ទាល់ និងការសិក្សាស្វែងយល់នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាចជឿជាក់ថា កម្ពុជាមានភាពម្ចាស់ការលើការផលិតសម្ភារសំណង់ ៕

អត្ថបទ ៖ ហេង វណ្ណា
រូបភាព ៖ គ្រី សម្បត្តិ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner